ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិភាគ​យល់​ថា​លោក​ត្រាំ​អាច​នឹង​បោះ​ដៃ​ទៅ​រក​កូរ៉េ​ខាង​ជើង​ដើម្បី​កសាង​ស្នាដៃ​ឡើង​វិញ​បន្ទាប់​ពី​គណ​បក្ស​លោក​ចាញ់​ឆ្នោត​

4 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ការ​ដែល​គណ​បក្ស​សា​ធារណ​រដ្ឋ​​​ទទួល​បរាជ័យ​​ធ្ងន់​ធ្ងរ​​ដែល​មិន​នឹក​ស្មាន​ដល់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​អាច​ចាត់​ទុក​ថា​ជា​សំណើច​ចំអក​ដ៏​គួរ​ឱ្យ​អួល​ណែន​នៅ​ក្នុង​​ចិត្ត​ឥត​ឧបមាសម្រាប់​លោក​ដូណាល់​ត្រាំ​​។ ប៉ុន្តែ​លោក​អាច​នឹង​បម្លែង​កាលា​នុភាព​នេះ​ទៅ​ជា​ឱកាស​ដើម្បី​បោះ​ដៃ​ទៅ​រក​ប្រទេស​កូរ៉េ​ខាង​ជើង​ចរ​ចា​គ្នា​សា​ជា​ថ្មី​ និង​ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ​។ ប៉ុន្តែ​ប្រសិន​បើ​លោក​ហ៊ាន​តែ​ធ្វើ​សម្ប​ទាន​ធំ​ដុំ​សម្រាប់​របប​ដឹក​នាំ​ទី​ក្រុង​ព្យុង​យ៉ាង​ ពេល​នោះ​ច្បាស់​ណាស់​ថា​​អាច​នឹង​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​សំខាន់​ៗ​នៅ​ក្នុង​តំបន់។ ពួក​គេ​ក៏​​​កំពុង​តាម​ដាន​បញ្ហា​នេះ​​ដោយ​មិន​ប៉​ប្រិច​ភ្នែក​ផង​ដែរ​​។​​

ក្រុម​អ្នក​វិភាគ និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ទ្វីប​អាស៊ី​រំពឹង​ថា​លោក​ត្រាំ​នឹង​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​នយោ​បាយ​ការ​បរទេស​របស់​លោក​ឡើ​ងវិញ​​​ ព្រោះ​នៅសល់​២​ឆ្នាំ​ទៀត​ ​លោក​​នឹង​ខិត​ខំ​​កសាង​ស្នា​ដៃ​​​​​​ឱ្យ​បាន​​​គ្រាន់​បើ​ឡើង​វិញ​ដើ​ម្បី​ទុក​ជា​កេរ​​មត៌​ក​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។ នៅ​ពេល​នេះ លោក​ត្រាំ​មិន​ដឹង​ថា​ត្រូវ​ស្រាវា​អ្វី​​ទុក​អ្វី​​នោះ​ទេ។ ​សង្គ្រាម​អ៊ុយ​ក្រែន​ក៏​មិន​ទាន់​ចប់​ ហើយ​សង្គ្រាម​អ៊ីរ៉ង់​មិន​ត្រឹម​តែ​មិន​ទាន់​ចប់​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​គណ​បក្ស​របស់​លោក​​ចាញ់​ឆ្នោត​ថែម​ទៀត។ ដូច្នេះ​​ លោក​ទំនង​ជា​​​ងាក​មក​រក​ទ្វីប​អាស៊ី​​​វិញម្ដង​​​​ ព្រោះ​លោក​មាន​ជំនឿ​ថា​នៅ​ក្នុង​​​ទំនាក់​ទំនង​​ជា​មួយ​កូរ៉េ​ខាង​ជើង​ លោក​អាច​មាន​ផ្លូវ​ដើរ​ជា​បន្ត​ទៀត​។​

ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីមជុង​អ៊ុន ដែល​លោក​ត្រាំ​កំពុង​តែ​អំពៀរ​ៗ​ខិត​ទៅ​រក​ជា​បណ្ដើរ​ៗ​នោះ អាច​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​​​ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ​។ លោក​បាន​គីលជូ (Ban Kil-joo​) ជា​គ្រូ​បង្រៀន​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​​បណ្ឌិត្យ​សភា​ជាតិ​ផ្នែក​កិច្ច​ការ​ទូត​ប្រចាំ​ទី​ក្រុង​សេ​អ៊ូល​។ លោក​ថ្លែង​ថា​លោក​ត្រាំ​ទំនង​ជា​ធ្វើ​សម្ប​ទាន​ជា​ដុំ​កំភួន​ដើម្បី​ទទួ​លបាន​ជោគ​ជ័យ​នៅ​ក្នុ​ងនយោ​បាយ​ការ​បរទេស​។ ជា​ពិសេស នៅ​ក្នុង​ស្ថាន​ភាព​ដែល​លោក​កំពុង​តែ​ទទួ​លរង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​។ ដោយ​សារ​លោក​ចង់​ឱ្យ​អ្នក​ឈរ​ឈ្មោះ​បន្ត​ពី​លោក​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៨ ដូច្នេះ ការ​ទាក់​ទង​ជា​មួយ​កូរ៉េ​ខាង​ជើង​ប្រាកដ​ជា​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​​នយោបាយ​សំខាន់​​​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​វិភាគ​យល់ថា​លោក​គីម​ជុង​អ៊ុន​មិន​ប្រាកដ​ជា​បោះ​ដៃ​ត្រឡប់​ទៅ​រក​លោក​ត្រាំ​វិញ​ទេ​ព្រោះ​លោក​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជា​ដុំ​កំភួន​។ ចំពោះ​សំណួរ​ថា​តើ​លោ​ក​ត្រាំ​មាន​ផែន​ការ​យ៉ាង​ណា​នៅ​ក្នុង​នយោបាយ​ការ​ទូត​ជា​មួយ​កូរ៉េ​ខាង​ជើង​? សេត​វិមាន​ឆ្លើយ​តប​ជា​លក្ខណៈ​ទូទៅ​ថា​លោក​ត្រាំ​បាន​នាំ​ត្រឡប់​មក​វិញ​នូវ​​​ភាព​ខ្លាំង​របស់​អាមេរិក​នៅ​លើ​ឆាក​អន្តរ​ជាតិ​​ និង​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ធំ​ៗ​នៅ​លើ​សាកល​លោក​។ អ្នក​នាំ​ពាក្យ​​សេត​វិមាន​ លោក​ស្រី​អាណា​ ខេលី (Anna Kelly) ថ្លែង​ថា​​លោក​ត្រាំ​ដាក់​ចេញ​​​នយោបាយ​ការ​បរទេស​ដោយ​ផ្អែក​ទៅ​លើ​កត្តា​នយោបាយ​​​ ហើយ​​លោក​​​ធ្វើ​នយោ​បាយ​ដោយ​តម្កល់​ផល​ប្រយោជន៍​របស់​ប្រជា​ជន​អាមេរិកាំង​ និង​សន្តិ​សុខ​ជាតិ​ជា​រឿង​សំខាន់​​៕ ប្រភព៖ Reuters