ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ប្រជែង​របស់​ណឺតាន់​យ៉ាហ៊ូ​ចាត់​ទុក​​​​លទ្ធ​ផល​ឆ្នោត​នៅ​អា​មេ​រិក​ថា​ជា​ពេល​ដែល​ត្រូវ​ដក​លោក​ពី​តំណែង

6 ថ្ងៃ មុន

ទី​ក្រុង​យេរូសា​ឡឹម៖ ​គូ​ប្រជែង​នយោ​បាយ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ឆ្លៀត​ឱកាស​នៃ​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​នៅ​អាមេរិក​ដើម្បី​យក​មក​ប្រៀប​ផ្ទឹម​ជា​មួយ​គម្រោង​បង្កើត​រដ្ឋាភិបាល​នៅ​អុីស្រា​អែល​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទើប​តែ​បិទ​បញ្ចប់​ថ្មី​ៗ​​ ហើយ​លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​ថ្វី​ដ្បិត​សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ទទួល​បាន​សំឡេង​ឆ្នោត​​ច្រើន​ជាង​គេ​ពិត​​មែន​ ប៉ុន្តែ​មិន​បាន​សំឡេង​ភាគ​ច្រើន​​ដាច់​ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ឡើយ​។ ក្រុម​ប្រឆាំង​លោក​ណឺតាន់​យ៉ាហ៊ូ​កំពុង​រក​វិធី​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​គ្មាន​វត្ត​មាន​របស់​លោក​។

គណ​បក្ស​ប្រជា​ធិបតេយ្យ​នៅ​អាមេរិក​ឈ្នះ​ឆ្នោត​ទាំង​នៅ​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​។ នេះ​បើ​យោ​ងតាម​លទ្ធ​ផល​​ឆ្នោត​មិន​ទាន់​ផ្លូវ​ការ​ទេ​ព្រោះ​សន្លឹក​ឆ្នោត​មិន​ទាន់​រាប់​អស់​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​ច្បាស់​ណាស់​ថា​គណ​បក្ស​នេះ​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​តាម​ការ​កំណត់​ក្នុង​ការ​គ្រប់​គ្រង​សភា​ទាំង​២​។ លទ្ធ​ផល​ឆ្នោត​នេះ​ក៏​ជា​ការ​សើច​​ចំអក​សម្រាប់​លោក​ដូណាល់​ត្រាំ​ផង​ដែរ​ដោយ​សារ​តែ​ពល​រដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​លើស​លប់​មាន​កំហឹង​យ៉ាង​ពុះ​កញ្ជ្រោល​ចំពោះ​សង្គ្រាម​អុីរ៉ង់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជីវិតរស់​នៅ​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ ឧទាហរណ៍ ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់​ជាង​មុន, សាំង​ និង​ម៉ាស៊ូត​ឡើង​ថ្លៃ​ ហើយ​សង្គ្រាម​នេះ​ហាក់​ដូច​ជា​គ្មាន​ផល​ចំណេញ​អ្វី​សោះ​ចំពោះ​ផល​ប្រយោជន៍​អាមេរិកាំង​។ ការ​បោះ​ឆ្នោត​នៅ​អាមេរិកធ្វើ​ឡើង​ក្រោយ​ការ​បោះឆ្នោត​នៅ​អុីស្រា​អែល​មួយ​សប្ដាហ៍​​។

ប្រធានា​ធិបតី​អុីស្រា​អែល​ លោក​អាយ​សាក់​​ ហឺហ្សក់ (Isaac Herzog) ត្រៀម​បើក​ការ​ជជែក​គ្នា​ជា​មួយ​ក្រុម​អ្នក​តំណាង​គណ​បក្ស​នយោ​បាយ​នានា​មុន​នឹង​ជ្រើស​រើស​បេក្ខ​ជន​​២​រូប​គឺ​លោក​ណឺតាន់​យ៉ាហ៊ូ និង​លោក​ហ្កាឌី អេសិន​ខូត (Gadi Eisenkot) ​ដើម្បី​កំណត់​ថា​តើ​ម្នាក់​ណា​ជា​អ្នក​ដឹក​នាំ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​។​ បច្ចុប្បន្ន​នេះ លោក​ណឺតាន់​យ៉ាហ៊ូ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​។ អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​អុីស្រា​អែល​មិន​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​ ឬ​គណ​បក្ស​សា​ធា​រណ​រដ្ឋ​នោះ​ទេ​។ អាមេរិក​ផ្ដល់​ជំនួយ​យោធា​មួយ​ឆ្នាំ​ៗ​រាប់​ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពី​អំឡុង​ទស​វត្សរ៍​ទី​៧០​មក​។ ប៉ុន្តែ​ផ្ទុយ​ពី​មេ​ដឹក​នាំ​អុីស្រា​អែល​ជំនាន់​មុនៗ​ដែល​តែង​តែគាំទ្រ​គណ​បក្ស​ធំ​ៗ​ទាំង​២​នៅ​អាមេរិក លោក​ណឺតាន់​យ៉ាហ៊ូ​ប្រកាស​គាំទ្រ​គណ​បក្ស​សា​ធារណ​រដ្ឋ​ជា​ចំហ​តែ​ម្ដង​។

ទំហំ​នៃ​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​ប្រជា​ធិប​តេយ្យ​ និង​សា​ធារណ​រដ្ឋ​ចាប់​ផ្ដើម​ថយ​ចុះ​បន្ទាប់​ពី​អុីស្រា​អែល​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​ក្រោយ​ព្រឹត្តិ​ការណ៍​ខែ​តុលា ឆ្នាំ​២០២៣​។ សម្រាប់​ឆ្នាំ​នេះ ទំហំ​នៃ​ការ​គាំទ្រ​រឹត​តែ​ថយ​ចុះ​បន្ថែម​ទៀត​ចាប់​តាំង​ពី​លោក​ត្រាំ និង​លោក​ណឺតាន់​យ៉ាហ៊ូ​បើក​យុទ្ធ​នា​ការ​រួម​គ្នា​ដើម្បី​វាយ​ប្រហារ​អុីរ៉ង់​។ បេក្ខ​ជន​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ខ្លះ​​យក​បញ្ហា​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អុីស្រា​អែល​ធ្វើប្រធាន​បទ​ដែល​ត្រូវ​រិះ​គន់​។ ហេតុ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ត្រាំ​ដែល​ប្រកាស​គាំទ្រ​លោក​ណឺតាន់​យ៉ាហ៊ូ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រីនោះ​​ លោក​បាន​ប្រកាស​ឈប់​ផ្ដល់​ជំនួយ​មួយ​ឆ្នាំ​ៗ​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អុីស្រា​អែល​​ដើម្បី​កុំ​ឱ្យ​ក្រុម​ប្រជា​ធិប​តេយ្យ​យក​បញ្ហា​នេះ​មក​និយាយ​ទៀត​។

លោក​យ៉ាអៀ ហ្គោ​ឡេន (Yair Golan) ជា​ប្រធាន «​គណ​បក្ស​ប្រជា​ធិប​តេយ្យ» ​​​ដែល​ជា​គណ​បក្ស​ឆ្វេង​និយម​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​លទ្ធ​ផល​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​ជា​ការ​បង្ហាញ​ថា​តើ​លោក​ណឺតាន់​យ៉ាហ៊ូ​ធ្វើ​ឱ្យ​គេ​ឈឺ​ក្បាល​នៅ​អាមេរិក​កម្រិត​ណា​ទាំង​នៅ​ក្នុ​ងចំណោម​ក្រុម​អ្នក​និយម​ប្រជា​ធិប​តេយ្យ​ និង​សា​ធារណ​រដ្ឋ​។ ចំណែក​ប្រធាន​គណ​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ គឺ​លោក​យ៉ាអៀ ឡា​ពីត (Yair Lapid) ថ្លែង​ថា​លទ្ធ​ផល​បោះ​ឆ្នោត​នេះ​បង្ហាញ​ថា​អុីស្រា​អែល​មិន​អាច​បណ្ដោយ​ឱ្យ​លោក​ណឺតាន់​យ៉ាហ៊ូ​​​កាន់​អំណាច​ត​ទៅ​ទៀត​ឡើយ​។ បើ​យើង​បន្ត​​ទុក​គាត់​ឱ្យ​កាន់​អំណាច​​នឹង​ធ្វើ​ឱ្យ​​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខ​ជាតិ​, ធ្វើ​ឱ្យ​មហន្ត​រាយ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​​ស្រុក​យើង ហើយ​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​មុខ​មាត់​ប្រទេស​ជាតិ​យើង​នៅ​លើ​ឆាក​អន្តរ​ជាតិ​។

លោក​ណឺតាន់​យ៉ាហ៊ូ​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​​​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ខុទ្ទ​កាល័យ​របស់​លោក​ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​ ប៉ុន្តែ​គ្មានចម្លើយ​តប​ទេ​។ អុីស្រា​អែល​អាច​ត្រូវ​ការ​ពេល​រាប់​សប្ដាហ៍ ឬ​រាប់​ខែ​ទៅ​មុខ​ទៀត​ទម្រាំ​ដឹង​ថា​តើ​រវាង​លោក​ណឺតាន់​យ៉ាហ៊ូ និង​លោក​អេសិន​ខូត​ នរណា​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​។ ​សម្ព័ន្ធ​ភាព​គណ​បក្ស​នី​មួយ​ៗ​អាច​ស្នើ​បេក្ខ​ភាព​របស់​ខ្លួន​ទៅ​សភា​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​។ អ្នក​ណា​ស្នើ​ទៅ​មុន​ក៏​បាន​ដែរ​ ប៉ុន្តែ​បើ​គ្មាន​បេក្ខ​ជន​ណា​ទទួល​បាន​សំឡេង​ទុក​ចិត្ត​គ្រប់​គ្រាន់​ទេ​ អុីស្រា​អែល​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ៕ ប្រភព៖ Reuters