ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់គួរឱ្យរន្ធត់មួយដែលបង្កឡើងដោយរថយន្តដឹកខ្សាច់បើកមកកៀបជាប់ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រ CCO បណ្តាលឱ្យស្ត្រីម្នាក់ដាច់ដៃធ្លាក់នៅលើថ្នល់ និងម្នាក់ត្រូវកាត់ដៃនៅមន្ទីរពេទ្យ ឯ៦នាក់ទៀតបាក់ដៃ បាក់ស្មា បែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង៦នាក់ទៀតត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ សីហា វេលាម៉ោង៧យប់នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
តាមនារីរងគ្រោះឈ្មោះកៅ ណេត អាយុ២២ឆ្នាំ នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ បានប្រាប់កោះសន្តិភាពទាំងទឹកភ្នែកថា មុនពេលកើតហេតុ ក្រុមកម្មការិនីបានធ្វើការបន្ថែមម៉ោងរហូតដល់ម៉ោង៦និង៣០នាទីព្រលប់ក៏បាននាំគ្នាឡើងជិះរថយន្តត្រឡប់មកផ្ទះវិញ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿងពណ៌ស ម៉ាក HYUN-DAI បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត យ៉ាងលឿន ស្រាប់តែេរចង្កូតចូលមកឆ្វេងដៃកៀបរថយន្តដែលពួកនាងជិះ ខ្លះកៀបដាច់ដៃខ្លះបែកក្បាល បាក់ស្មា បាក់ដៃ គួរឱ្យរន្ធត់។ ការរងគ្រោះនេះដោយសារក្នុងរថយន្តចង្អៀតពេកឈរដាក់ដៃ និងលៀនក្បាលចេញមកក្រៅ ហើយពេលជួបហេតុការណ៍ដកដៃ ឬងាកក្បាលគេចមិនផុតក៏ត្រូវរថយន្តកៀបរះ បណ្តាលឱ្យដាច់ដៃធ្លាក់នៅលើថ្នល់ម្នាក់ និង១៣នាក់បាក់ដៃ បែកក្បាល ចំណែកជាង១០នាក់ទៀតរបួសស្រាល។
កម្មការិនីរងគ្រោះទី១-ឈ្មោះនួន ចាន់រ៉ា អាយុ២៧ឆ្នាំ នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ កៀបដាច់ដៃឆ្វេង ធ្លាក់មកលើថ្នល់ត្រឹមដើមដៃ ២-ឈ្មោះស៊ាង នី អាយុ១៨ឆ្នាំ នៅភូមិបុស្ស ឃុំស្វាយតាយាន បាក់ដៃឆ្វេង ត្រូវគ្រូពេទ្យកាត់ក្រោមឃ្លៀក ៣-ឈ្មោះដួង ចន្ថា អាយុ១៩ឆ្នាំ នៅភូមិដើមពោធិ បាក់ដៃឆ្វេង ៤-ឈ្មោះសុខ កុសល អាយុ១៨ឆ្នាំ នៅភូមិដើមពោធិ៍ បាក់ដៃឆ្វេង បែកក្បាល ។ ៥-ឈ្មោះកៅ ណែត អាយុ២២ឆ្នាំ នៅភូមិបុស្ស បាក់ដៃឆ្វេង និង៣នាក់ដេកពេទ្យជីភូ ឯ៦នាក់ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ រីឯជាង១០នាក់ទៀតរងរបួសស្រាល ដែលមនុស្សនៅក្នុងរថយន្តសរុបជាង៥០នាក់។
នៅថ្ងៃទី១៣ សីហា ២០១១ វេលាម៉ោង៨ព្រឹក លោកស្រីដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀងបាននាំអំណោយរបស់លោកជំទាវបណ្ឌិតម៉ែន សំអន និងលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅឧបត្ថម្ភដល់អ្នករងគ្រោះ៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង ក្នុងម្នាក់៦សែនរៀល។
តាមព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានអះអាងថា ក្រោយពីបង្កហេតុ រថយន្តនោះបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមចាប់បានវិញ រួចឱ្យដឹកជនរងគ្រោះមកមន្ទីរពេទ្យ ហើយរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ