ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវរឹបអូសរ៉ែមាសមិនទាន់កែច្នៃ ៧៧គីឡូក្រាម និងឃាត់ខ្លួនមនុស្សជិត២០០នាក់

3 ថ្ងៃ មុន

ប្រទេសឡាវ៖ អាជ្ញាធរឡាវបានរឹបអូសរ៉ែមាសមិនទាន់កែច្នៃចំនួន ៧៧គីឡូក្រាម និងឃាត់ខ្លួនកម្មករចំនួន ១៨៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការជីករ៉ែមាសដោយគ្មានការអនុញ្ញាតនៅតាមខេត្តចំនួន ៨ ទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ប្រធានអាជ្ញាធរត្រួតពិនិត្យរដ្ឋ លោក វ៉ាន់សៃ ផុងសាវ៉ាន់ បានឱ្យដឹងថា ការត្រួតពិនិត្យលើទីតាំងចំនួន ២៣ បានរកឃើញក្រុមហ៊ុនចំនួន ១៨ ពាក់ព័ន្ធនឹងសកម្មភាពជីករ៉ែខុសច្បាប់ និងបានឃាត់ខ្លួនកម្មករជាជនជាតិឡាវ និងបរទេសសរុប ១៨៨នាក់។

ក្រៅពីនេះ អាជ្ញាធរបានរឹបអូសគ្រឿងចក្រធុនធ្ងន់ រួមមានអេស្កាវ៉ាទ័រ ៣៨គ្រឿង ទូកបូមរ៉ែ ២០គ្រឿង គ្រឿងចក្រផ្ទុកដី ២គ្រឿង រថយន្តដឹកដី ១គ្រឿង ម៉ាស៊ីនបូមទឹក និងឧបករណ៍ចម្រោះរ៉ែមាសផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត បានជំរុញឱ្យមានការបង្ក្រាបជាបន្ទាន់លើការជីករ៉ែខុសច្បាប់ ការកាប់ឈើ និងការកេងប្រវ័ញ្ចធនធានធម្មជាតិដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បង្ហាញឈ្មោះខេត្តទាំង ៨ ដែលស្ថិតក្នុងប្រតិបត្តិការនេះនៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ អាជ្ញាធរឡាវបានបើកប្រតិបត្តិការបង្ក្រាបការជីករ៉ែខុសច្បាប់ជាបន្តបន្ទាប់នៅតាមតំបន់នានា រួមទាំងទីក្រុងវៀងចន្ទន៍ ខេត្តសៃសំបូន ហ្លួងព្រះបាង សៀងខ្វាង និងសាវណ្ណាខេត។ វិធានការទាំងនេះមានគោលបំណងទប់ស្កាត់ការកេងប្រវ័ញ្ចធនធានរ៉ែដោយខុសច្បាប់ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេស៕