ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី៣ វិច្ឆិកា ក្រុមការងារមន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានរកឃើញក្នុងពេលធ្វើកំណាយ ដោយក្រុមការងារជួសជុលតួប្រាសាទព្រៃដើមស្រុក ស្ថិតក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
យោងតាមការសន្និដ្ឋានរបស់ក្រុមការងារមន្ត្រីជំនាញ ផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាសាទព្រៃដើមស្រុក ត្រូវបានកសាងឡើងនៅអំឡុងសតវត្សទី៧ ហើយកន្លងមក ប្រាសាទនេះក៏ធ្លាប់ត្រូវបានជួសជុល និងអភិរក្សជាច្រើនលើកមកហើយផងដែរ ។
ចំពោះវត្ថុបុរាណដែលត្រូវបានធ្វើកំណាយរកឃើញ រួមមាន៖
១- ពុទ្ធរូបធ្វើពីលោហៈ ចំនួន ៦អង្គ។
២- ភាជន៍ ចំនួន ៤ដុំ ក្នុងនោះមាន ៣ដុំជាបំណែកដែលជាប់គ្នា។
៣- បំណែកឆ្អឹង ចំនួន ៣ដុំ។
តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ វត្ថុបុរាណទាំងនេះទំនងជាត្រូវបានកប់តាំងពីអំឡុងសតវត្សទី១៦-១៧ នៅតំបន់ខឿនផ្នែកខាងលិចឆៀងខាងជើងនៃតួប្រាសាទ (ទិសពាយ័ព្យ) ។
ជាមួយគ្នានេះ វត្ថុបុរាណទាំងអស់ដែលបានរកឃើញ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកទៅរក្សាទុក និងអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ។
ការរកឃើញវត្ថុបុរាណទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ អរិយធម៌ និងតម្លៃបេតិកភណ្ឌវប្បធម៌របស់ជាតិ ដែលត្រូវការការចូលរួមថែរក្សា និងការពារពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្សល់ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ៕













ចែករំលែកព័តមាននេះ