ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹក​នាំ​​កំពូល​អុីរ៉ង់​ព្រ.មា.ន​ថា​នឹង​វា.យ​ប.ក​វិញ​យ៉ាង​ទាន់​ចិត្ត​បើ​អា​មេ​រិក​បើក​ការ​វា.យ​ប្រ.ហារ​សា​ជា​ថ្មី

3 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ថ្ងៃ​នេះ អ៊ីរ៉ង់​មាន​សារ​នយោបាយ​ផ្ដាំ​ទៅ​អាមេរិក​។ មេ​ដឹក​នាំ​អ៊ីរ៉ង់​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ចិត្ត​ប្រ​សិន​បើ​អាមេរិក​ហ៊ាន​វាយ​ប្រហារ​មក​លើ​ខ្លួន​សា​ជា​ថ្មី​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​មាន​សញ្ញា​កាន់​តែ​ច្បាស់​ថា​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​ ការ​វាយ​ប្រហារ​អាច​នឹង​កើត​មាន​ឡើង​ព្រោះ​ការ​ចរ​ចា​គ្នា​ហាក់​ដូច​ជា​គ្មាន​ដំណើ​រការ​ទៅ​មុខ​ទាល់​តែ​សោះ​។ លោក​ត្រាំ​បាន​ប្រាប់​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​រួច​ហើយ​ថា​ត្រូវ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វា​ប្រហារ​របស់​អ៊ីរ៉ង់​។

មេ​ដឹក​នាំកំពូល​អ៊ីរ៉ង់ លោក​ម៉ុច​តាបា​ ដែល​គេ​ពុំ​ដែល​ឃើញ​មុខ​របស់​លោក​សូម្បី​តែ​ម្ដងចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​នោះ​ លោក​បាន​ជំរុញ​ឱ្យ​ក្រុម​យោធា​ប្រកាន់​ជំហរ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​អាមេរិក និង​អ៊ីស្រា​អែល​។ ទន្ទឹម​នឹង​នោះ បណ្ដា​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​តំបន់​ក៏​កំពុង​ព្រួយ​បារម្ភ​មិន​តិច​នោះ​ទេ​។ ពួក​គេ​អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​ទាំង​២​ខិត​ខំ​រក្សា​ភាពស្ងៀម​ស្ងាត់​។

ថ្លែង​នៅ​ឯ​​វេទិកា​សន្តិ​សុខ​ដែល​រៀប​ចំ​​ឡើង​នៅ​ប្រទេស​បារ៉េន​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អារ៉ាប៊ី​សា​អូឌីត​​ថ្លែង​ថា​អ្វី​ដែល​ជា​សារ​ផ្ដាំ​ផ្ញើ​របស់​មេ​ដឹក​នាំ​នៅ​ក្នុង​តំបន់​គឺ​ថា​ពួក​គេ​ចង់​ឱ្យ​តំបន់​នេះ​វិល​ទៅ​រក​សន្តិ​ភាព​វិញ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​របស់​រដ្ឋ​អ៊ីរ៉ង់​ IRNA បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​ម៉ុច​តាបា​មក​ផ្សាយ​​គ្រប់​ទម្រង់​នៃ​ការ​គំរាម​កំហែង​នឹង​ទទួល​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ពី​អ៊ីរ៉ង់​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ជួប​ជា​មួយ​មន្ត្រី​យោធា​។ លោក​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​ត្រូវ​តែ​ត្រៀម​លក្ខណៈ​សម្បត្តិ​ទុក​ឱ្យ​ហើយ​ដើម្បី​​​​ប្រឈម​​មុខ​ទល់​នឹង​ពួក​បច្ចា​មិត្ត​។

លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​គោល​ដៅ​របស់​អាមេរិក និង​អ៊ីស្រា​អែល​ដែល​អ៊ីរ៉ង់​ត្រូវ​វាយ​ប្រហារ​ផង​ដែរ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​សង្គ្រាម​លើក​នេះ​បើ​កើត​មាន​ឡើង​មិន​មែន​តូច​តាច​នោះ​ទេ​។ ពោល​គឺ​ជា​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ដូច​ពេល​ដែល​សង្គ្រាម​អ៊ីរ៉ង់​ទើប​តែ​ចាប់​ផ្ដើម​ដំបូង​ៗ​ដូច្នោះ​ដែរ​។ ​ថ្ងៃ​នេះ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្លែង​ថា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ស្ថាន​ការណ៍​យោធា​កាន់តែ​ឡើង​កម្ដៅ​ ហើយ​ក៏​ខិត​ខំ​ចរ​ចា​គ្នា​ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​ផង​ដែរ​​៕​ ប្រភព៖ AP​