ប្រទេសបារាំង៖ អាជ្ញាធរបារាំងបានត្រៀមដាក់ពង្រាយកម្លាំងសន្តិសុខប្រមាណ ៧ម៉ឺននាក់នៅទូទាំងប្រទេស នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់អំពើហិង្សាក្នុងបាតុកម្មលើកទី៣ ជាប់ៗគ្នា ដែលចំថ្ងៃបុណ្យ Halloween។ រដ្ឋមន្ត្រីមហាផ្ទៃបានព្រមានថា មានហានិភ័យខ្ពស់នៃភាពចលាចល ជាពិសេសនៅពេលយប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde ដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ឡូរ៉ង់ នុយណេស បានបញ្ជាក់ថា ការធ្វើបាតុកម្មនៅតែអាចប្រព្រឹត្តទៅបាន ប៉ុន្តែត្រូវហាមឃាត់ការជួបជុំនៅកណ្តាលទីក្រុង។ អាជ្ញាធរក៏បានតាមដានការអំពាវនាវតាមបណ្តាញសង្គមឱ្យប្រមូលផ្តុំគ្នានៅពេលយប់ និងព្រមានមិនឱ្យអ្នកចូលរួមពាក់ម៉ាស់បិទបាំងមុខ។
ដើម្បីពង្រឹងសន្តិសុខ ទីក្រុងប៉ារីសគ្រោងបិទស្ថានីយរថភ្លើងក្រោមដីជាង ៤០កន្លែង និងកែសម្រួលសេវារថភ្លើងអគ្គិសនីមួយចំនួន។ បម្រាមគោចរក៏ត្រូវបានដាក់នៅតំបន់រ៉េពុយប្លីក និងសាឡេតឡេហាល់ ចាប់ពីម៉ោង ១១យប់ ដល់ម៉ោង ៦ព្រឹក ក្នុងរាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ចលនាបាតុកម្មនេះមានការចូលរួមពីក្រុមចលនាអាវកាក់លឿង សហជីព និងសិស្សនិស្សិត ដោយទាមទារឱ្យដោះស្រាយបញ្ហាថ្លៃរស់នៅ អសមភាព និងលក្ខខណ្ឌអប់រំ ព្រមទាំងការពារសិទ្ធិសេរីភាពក្នុងការតវ៉ា។ តាមក្រសួងមហាផ្ទៃ បាតុកម្មកាលពីថ្ងៃទី១៧ ខែតុលា មានអ្នកចូលរួមប្រមាណ ៥៥ម៉ឺននាក់ ខណៈថ្ងៃទី២៤ ខែតុលា មានប្រមាណ ៤១ម៉ឺននាក់ និងមនុស្សជាង ១.៣០០នាក់ត្រូវបានចាប់ខ្លួន៕
ចែករំលែកព័តមាននេះ