ទីក្រុងប៉ារីស៖ ប្រទេសបារាំងដាក់ពង្រាយកម្លាំងនគរបាល៧ម៉ឺននាក់ដើម្បីត្រៀមទប់ទល់នឹងមហាបាតុកម្មជាថ្មីនៅចុងសប្ដាហ៍នេះដែលនឹងកើតមានឡើងស្រុះគ្នាពេញផ្ទៃប្រទេស។ ក្រុមអ្នកតវ៉ានៅតែមានកំហឹងយ៉ាងពុះកញ្ជ្រោលពាក់ព័ន្ធនឹងបញ្ហាដែលពួកគេជួបប្រទះ និងដែលដោះស្រាយមិនទាន់ចេញនៅឡើយទេ ឧទាហរណ៍ ថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃកាន់តែខ្ពស់ សេវាសាធារណៈរបស់រដ្ឋត្រូវបានកាត់បន្ថយ និងការមិនពេញចិត្តនឹងរបៀបដឹកនាំរបស់រដ្ឋាភិបាលលោកម៉ាក្រុងនៅដំណាក់កាលចុងក្រោយ។

ចលនាបាតុកម្មលើកនេះកើតមានឡើង២សប្ដាហ៍បន្ទាប់ពីមានអំពើបះបោរលួចទ្រព្យសម្បត្តិ ហើយធ្វើឱ្យសមត្ថកិច្ចត្រូវប្រុងជើងការឱ្យបានខ្លាំងក្លាជាងមុន។ ហាងលក់ទំនិញត្រូវគេរើកកាយខ្ទេចខ្ទីអស់ អគារសាធារណៈ រួមទាំងអគារពាណិជ្ជកម្មរងការខូចខាតនៅតាមទីក្រុងនានាទូទាំងប្រទេសបារាំង។ រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាថានឹងមិនបណ្ដោយឱ្យទិដ្ឋភាពបែបនេះកើតឡើងសាជាថ្មីទេ។ លោកថ្លែងថាមនុស្សគ្រប់គ្នាកំពុងត្រៀមខ្លួនដើម្បីធានាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកបង្កបញ្ហា។

តុលាការរដ្ឋបាលរបស់បារាំងបញ្ជាក់ថាការហែបាតុកម្មចាប់ពីសួនសាធារណរដ្ឋនៃទីក្រុងប៉ារីសរហូតដល់ Bastille ត្រូវហាមឃាត់។ ដូច្នេះ វាជាការបដិសេធនូវការស្នើសុំរបស់ក្រុមសហជីព។ ចលនាបាតុកម្មត្រូវធ្វើឡើងនៅលើដងមហាវិថីនៅភាគខាងកើតទីក្រុងប៉ារីសវិញ ពោលគឺត្រូវធ្វើឱ្យឆ្ងាយពីតំបន់ដែលមានហាងលលក់ទំនិញនៅកណ្ដាលទីក្រុងប៉ារីស។ អាជ្ញាធរកំពុងរៀបជើងព្រួលព្រោះអាចនឹងមានក្រុមកុប្បករដែលស្លៀកពាក់ឈុតហាឡូវីន (Halloween) ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន។

រដ្ឋមន្ត្រីមហាផ្ទៃថ្លែងថាច្បាប់របស់បារាំងអនុញ្ញាតឱ្យសមត្ថកិច្ចហាមមនុស្សពាក់ម៉ាស់បាំងមុខនៅពេលពួកគេធ្វើដំណើរនៅទីសាធារណៈនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាបាត់បង់សណ្ដាប់ធ្នាប់។ គេរំពឹងថានៅចុងសប្ដាហ៍នេះនឹងមានចលនាហែបាតុកម្មប្រមូលផ្ដុំគ្នាយ៉ាងតិច១៥០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ។ ស្ថានទូតអាមេរិកប្រចាំប្រទេសបារាំងបានចេញសេចក្ដីប្រកាសណែនាំឱ្យពលរបស់ខ្លួនដែលធ្វើដំណើរកម្សាន្តនៅបារាំងត្រូវជៀសវាងកុំធ្វើដំណើរទៅកន្លែងណាដែលមានការប្រមូលផ្ដុំ ឬការហែបាតុកម្ម៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ