ប្រទេសចិន៖ តុក្កតាបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាមិត្តកំដរដ៏ពេញនិយមនៅប្រទេសចិន ដោយអាចនិយាយ ឆ្លើយតបនឹងអារម្មណ៍ និងចងចាំបទពិសោធជាមួយម្ចាស់របស់វា។ ផលិតផលទាំងនេះកំពុងទាក់ទាញអ្នកដែលត្រូវការអ្នកស្តាប់ និងចង់កាត់បន្ថយភាពឯកោ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Chen Yuechong បានទិញតុក្កតា AI ចំនួន៣ ដែលមានឈ្មោះ Fuzozo ដើម្បីធ្វើជាមិត្តកំដរ ដោយថែមទាំងទិញគ្រែឈើតូចមួយ និងរៀបចំកន្លែងលេងឱ្យពួកវាផងដែរ។ នាងបានបញ្ជាក់ថា តុក្កតាទាំងនេះអាចស្តាប់ និងឆ្លើយតបនឹងអារម្មណ៍របស់នាង ដោយធ្វើឱ្យនាងមានអារម្មណ៍ថាមានមិត្តនៅក្បែរ។
ទីផ្សារតុក្កតា AI នៅចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ តាមរបាយការណ៍របស់ក្រុមហ៊ុន Moojing ការលក់តុក្កតា AI តាមអ៊ីនធឺណិតក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់ ៨៥០លានយ័ន កើនឡើង ១៨៣,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលមានច្រើនប្រភេទ ដូចជា Fuzozo ដែលអាចព្យួរតាមកាបូប Ropet ដែលឆ្លើយតបនឹងការប៉ះ និងការសម្លឹងមើល និង Loona ដែលអាចធ្វើចលនាតាមម្ចាស់ក្នុងផ្ទះ។
ដើម្បីជំរុញវិស័យនេះ ខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតប្រដាប់ក្មេងលេងដ៏ធំរបស់ចិន មានគោលដៅឱ្យផលិតផលបំពាក់ AI មានចំណែកលើសពី ៣០% នៃផលិតផលប្រដាប់ក្មេងលេងនៅឆ្នាំ២០២៧។ ការរីកចម្រើននេះបង្ហាញថា បច្ចេកវិទ្យា AI កំពុងពង្រីកតួនាទីពីការជួយបំពេញការងារ ទៅជាមិត្តកំដរ និងជួយបំពេញតម្រូវការផ្លូវចិត្តរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃផងដែរ៕
ចែករំលែកព័តមាននេះ