ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​តំបន់​កោះ​ស្រែ​តា​ចាន់

3 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០២៦
ក្នុង​សកម្មភាព​បទល្មើស​នេសាទ ប្រព្រឹត្ត​នៅ​ចំណុច​កោះ​ស្រែ​តា​ចាន់ ស្ថិត​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ រួម​ជាមួយ​វត្ថុ​តាង​ជា​ច្រើន ។

លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី៣១ តុលា ២០២៦​នេះ​ថា ​៖ ពាក់ព័ន្ធ​ករណី​ខាងលើ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង សហការ​ជាមួយ​សហគមន៍​នេសាទ​កាំ​ង​ដីស​សាមគ្គី បាន​ចុះ​ប្រតិបត្តិការ​ល្បាត និង​បង្ក្រាប​បទល្មើសនេសាទ​ដោយ​ប្រើប្រាស់​ឧ​បករណ៍​ឆក់​ត្រី ។

លោក​បន្ត​ថា​ ​ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើងបន្ទាប់​ពី​ទ​ទួល​បាន​សេចក្តីរាយការណ៍ និង​សំណូមពរ​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​តា​ចាន់ ដែល​បាន​រាយការណ៍​មក​មន្ត្រី​ជំនាញ អំពី​សកម្មភាព​របស់​ជនសង្ស័យ​ប្រមាណ៤ ទៅ៥​នាក់ ដែល​តែងតែ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ​នៅ​ក្នុង​តំបន់​នោះ បង្ក​ការ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​ធនធាន​ជលផល​។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ក្រុមការងារ​បាន​រៀបចំ​ទូក​ចំនួន ២​គ្រឿង ចុះទៅ​លាក់ខ្លួន​នៅ​ក្បែរ​តំបន់​កោះ​ស្រែ​តា​ចាន់ ដើម្បី​តាមដាន​សកម្មភាព​ជនសង្ស័យ​។ រហូត​ដល់​ម៉ោង៧និង៤៩​នាទី​ព្រឹក ជនសង្ស័យ​បាន​បើកទូក​ចេញពី​តំបន់​កោះ​ខាងលើ ហើយ​ក្រុមការងារ​ក៏​បាន​បើកទូក​តាម​ពីក្រោយ រហូត​ដល់​ម៉ោង០៨និង​៣០​នាទី​ព្រឹក ទើប​អាច​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ព្រមទាំង​ប្រមូល​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​បទល្មើស​ ។

មន្ត្រី​ជា​ជំនាញ​បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ ថង​ខា​យ ខាំ​ហេង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ ។

ចំណែក​វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​បាន​ដកហូត រួមមាន ​៖ ទូក​ស្មាច់​ប្រវែង ៥,៩​ម៉ែត្រ ទទឹង ០,៨​ម៉ែត្រ ចំនួន ១​គ្រឿង ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា កម្លាំង ១៨​សេះ ចំនួន ១​គ្រឿង ក្បាល​ឆក់​ត្រជាក់ ១​គ្រឿង ក្បាល​ឆក់​ក្តៅ ១​គ្រឿង អា​គុយ​ម៉ាក JP ទំហំ ៧០​អំពែ ១​គ្រឿង ថ្នង​សម្រាប់​ដួស​ត្រី ១​ថ្នង ខ្សែភ្លើង​ប្រវែង ៥​ម៉ែត្រ ខ្សែកាប​ប្រវែង ៦​ម៉ែត្រ និង​ច្រ​វ៉ា ១ ​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​ជា​ធរមាន​។

សូម​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ គឺជា​កិច្ចការ​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល ដែល​ជា​ប្រភព​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ ការ​ចូលរួម​សហការ​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ ក៏​ជា​កត្តាចាំបាច់​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​បទល្មើស​ជលផល​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​ ៕