ទីក្រុងគែ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោកបាដៀ អាប់ដែលឡាទី (Badr Abdelatty) ថ្លែងថាលោកព្រួយបារម្ភយ៉ាងខ្លាំងថាអាចនឹងមានការប្រឈមមុខគ្នាកាន់តែខ្លាំងក្លានៅក្នុងសង្គ្រាមរវាងអាមេរិក និងអុីរ៉ង់ ហើយអាចនឹងនាំទៅដល់វិនាសកម្មកាន់តែធំធេង រួមជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លោកថ្លែងដូច្នេះនៅឯកិច្ចប្រជុំកំពូល IISS Manama Dialogue ដែលរៀបឡើងនៅប្រទេសបារ៉េន។

លោករដ្ឋមន្ត្រីរូបនេះប្រមើលឃើញថាសង្គ្រាមជុំទី២ប្រសិនបើកើតឡើងមែន វានឹងមានសភាពគ្រោះថ្នាក់ជាងមុន បង្កវិនាសកម្មខ្លាំងជាងមុន ហើយនឹងគ្មានផលចំណេញសម្រាប់ភាគីណាមួយនោះទេ។ លោកថាយើងត្រូវតែសិក្សាមេរៀនពីអតីតកាលដែលបានកើតឡើងកន្លងមក។ សូមរំលឹកកថាកិច្ចព្រមព្រៀងរវាងគូបដិបក្សទាំង២បានកើតឡើងកាលពីខែមិថុនា។ ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនមានជីវិតរស់នៅយូរអង្វែងទេ។ កិច្ចព្រមព្រៀងនោះមិនបាននាំមកនូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយក៏មិនបានបើកដំណើរការច្រកសមុទ្រហ័រម៉ូសឡើងវិញនោះដែរ។

ចាប់ពីពេលនោះមក អុីរ៉ង់ស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលការហ៊ុមព័ទ្ធដែនសមុទ្ររបស់ខ្លួនដើម្បីឱ្យកប៉ាល់អាចបើកចេញចូលកំពង់របស់ខ្លួនដូចធម្មតាឡើងវិញ។ បន្ទាប់ពីនោះ យ៉ាងយូរត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ អុីរ៉ង់សន្យាថានឹងបើកដំណើរការច្រកហ័រម៉ូសឡើងវិញ។ កាលពីថ្ងៃសុក្រ ក្រុមអ្នកសម្របសម្រួលនៃប្រទេសកាតាបានធ្វើដំណើរទៅអុីរ៉ង់ដើម្បីខិតខំចរចាឱ្យមានកិច្ចព្រមព្រៀង។ ប៉ុន្តែភាគីទាំងអស់នៅតែមានគម្លាតគ្នាឆ្ងាយពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ, ការបិទខ្ទប់ដែនសមុទ្រអុីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់អុីរ៉ង់។

មានន័យថាភាគីទាំងសងខាងនៅប្រទាញប្រទង់គ្នា។ ខាងអុីរ៉ង់ទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្ម និងលុបចោលការបិទខ្ទប់ដែនសមុទ្រខ្លួនជាមុនសិន ទើបខ្លួនយល់ព្រមចរចាអំពីបញ្ហានុយក្លេអ៊ែរ និងបើកច្រកហ័រម៉ូសឡើងវិញ។ ចំណែកអាមេរិកទាមទារឱ្យអុីរ៉ង់ចរចានុយក្លេអ៊ែរ និងបើកច្រកហ័រម៉ូសជាមុនសិន។ គួរកត់សម្គាល់ថាការព្រួយបារម្ភរបស់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបកើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអាមេរិកបានផ្ដល់សញ្ញាព្រមានទៅសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ឈូងសមុទ្រពែក្សថាពួកគេត្រូវតែត្រៀមខ្លួនទប់ទល់នឹងលទ្ធភាពនៃការវាយប្រហារពីអុីរ៉ង់ព្រោះអាមេរិកអាចនឹងចាប់ផ្ដើមវាយប្រហារអុីរ៉ង់ជាថ្មីក្រោយការបោះឆ្នោតសភានាថ្ងៃទី៣ ខែវិច្ឆិកា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ