ប្រទេសកុងហ្គោ ៖ ពេលនេះ អ្នកឆ្លងជំងឹ EBOLA ដល់ជាង១០.០០០នាក់ ត្រូវបានជំរឿនឃើញនៅអាហ្វ្រិក ភាគច្រើននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាប្រទេសដ៏ធំនៅអាហ្វ្រិកកណ្ដាល ដែលជាចំណុចស្នូលនៃការឆ្លងរាលដាលវីរុសនោះ ដែលកំពុងឆ្លងរាលដាលបន្តដល់តំបន់ជាច្រើនទៀតនៅអាហ្វ្រិក ។ អ្នកឆ្លងបច្ចុប្បន្ន មាននៅកេនយ៉ារហូតដល់អាហ្វ្រិកខាងលិចគឹប្រទេសនីហ្សេរីយ៉ា ។

ការឆ្លងរាលដាលនៃជំងឺដ៏សាហាវនោះ ត្រូវបានប្រកាសជាផ្លូវការ ដោយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តាំងពីជិត៦ខែមុន គឺកាលពីថ្ងៃទី១៥ ឧសភា ។ ការរកឃើញពិតជាយឺតយ៉ាវ ដោយវីរុសទើបរកឃើញនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានប្រជាជនជាង១០០លាននាក់ ។
ជំងឹនេះ ឆ្លងដោយការប៉ះពាល់ជាមួយអ្នកជំងឺ ដោយវាបណ្ដាលឲ្យគ្រុនក្ដៅខ្លាំងនិងមានការចេញឈាម។ ជំងឺនេះបានសម្លាប់មនុស្សជាង១៥.០០០នាក់រួចហើយនៅអាហ្វ្រិក រយៈពេល៥០ឆ្នាំចុងក្រោយនេះ ។ ការឆ្លងធ្ងន់ធ្ងរកត់សម្គាល់ឃើញនាគ្រាកន្លងមកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បណ្ដាលឲ្យមនុស្សស្លាប់ជិត២៣០០នាក់ សម្រាប់អ្នកជំងឺដែលជំរឿនឃើញ៣៥០០នាក់ រវាងឆ្នាំ២០១៨ទៅ២០២០ ។ ក្នុងដំណាក់កាលនេះ មនុស្ស១០.០៦០នាក់ឆ្លងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយមនុស្ស៤៨៨៧នាក់ស្លាប់។ នេះជាតួលេខផ្ដល់ឲ្យដោយវិទ្យាស្ថានជាតិសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២៧ តុលា ។ ចំនួនអ្នកព្យាបាលជាមានប្រមាណ២៦៨៤នាក់ តែអត្រាស្លាប់មានដល់៥០% ។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ វីរុសនោះបានឆ្លងរាលដាល ដល់ប្រទេសអ៊ូហ្គង់ដានិងកេនយ៉ា។ រួចកាលពីសប្ដាហ៍មុនរកឃើញអ្នកឆ្លងម្នាក់នៅនីហ្សេរីយ៉ា ជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅអាហ្វ្រិក។ អ្នកឆ្លងរូបនោះ ជានារីជនជាតិស្វ៊ីសម្នាក់អាយុ៤២ឆ្នាំ ដែលបានរៀបការជាមួយបុគ្គលិកនៃស្ថានទូតស្វ៊ីស ហើយបានធ្វើដំណើរទៅកាន់អ៊ូហ្គង់ដា ជាមួយស្វាមីមុនពេលមកកាន់នីហ្សេរីយ៉ាវិញ។ រូបនាងត្រូវបានដឹកតាមយន្តហោះទៅព្យាបាលនៅស្វ៊ីស ៕

ចែករំលែកព័តមាននេះ