ប្រទេសអេស្ប៉ាញ ៖ មនុស្សយ៉ាងតិច៦៨នាក់ស្លាប់់ និងជាង១០០នាក់រងរបួស ក្នុងនោះ១៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារការបុកគ្នា កាលពីថ្ងៃទី២៨ តុលា រវាងរថភ្លើង២ខ្សែនៅជិតក្រុងURDA ខេត្តTOLEDE ស្ថិតនៅចម្ងាយ១៨៩គីឡូម៉ែត្រខាងត្បូងក្រុងម៉ាឌ្រីដ ។ នោះជាគ្រោះថ្នាក់រថភ្លើងដែលមានមនុស្សស្លាប់ច្រើនបំផុត និងជាគ្រោះមហន្តរាយរថភ្លើងពុំធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញ ។ គ្រោះថ្នាក់ធំនោះ កើតមានមិនដល់១ឆ្នាំផង បន្ទាប់ពីការបុកគ្នារវាងរថភ្លើង២ខ្សែនៅADAMUZ តំបន់ANDALOUSIE ដែលបណ្ដាលឲ្យមនុស្សស្លាប់៤៦នាក់ ។

រថភ្លើង១ខ្សែរបស់ក្រុមហ៊ុនផ្លូវដែកជាតិRENFE ដែលដឹកអ្នកដំណើរ៣៩៧នាក់ ត្រូវបុកពីក្រោយដោយរថភ្លើងមួយខ្សែរបស់ប្រតិបត្តិករឯកជន IRYO បណ្ដាលឲ្យទូរថភ្លើង២ធ្លាក់ចេញពីផ្លូវដែកមុនពេលធ្លាក់ទៅជំរាលផ្លូវ ។ តាមសេចក្ដីប្រកាសមួយរបស់ក្រុមហ៊ុនផ្លូវដែក IRYO ថា រថភ្លើងរបស់ខ្លួនដែលរត់រវាងក្រុងម៉ាឌ្រីដ និងក្រុងសេវីល បានចាកចេញពីស្ថានីយនាព្រឹកថ្ងៃទី២៨ តុលា នោះ វេលាម៉ោង៧ និង៥៤នាទីម៉ោងក្នុងស្រុក ជាមួយអ្នកដំណើរ១៤៧នាក់ និងសមាជិកក្រុមយានិក៣នាក់ ។ ដោយមិនទាន់ដឹងពីមូលហេតុរថភ្លើងនោះបានបុករថភ្លើង១ទៀតពីក្រោយ ។

ទាក់ទិននឹងមូលហេតុនៃការបុកគ្នានោះ រដ្ឋមន្ត្រីដឹកជញ្ជូនអេស្ប៉ាញលោកអូស្កាពូអង់ ក្នុងសន្និសីទសារព័ត៌មានមួយពន្យល់ថា នាព្រឹកថ្ងៃនោះ មានការខូចប្រព័ន្ធផ្ដល់សញ្ញាLZB នាវេលាម៉ោង៨ និង៣០នាទីម៉ោងក្នុងស្រុក ។ ការខូចនោះបណ្ដាលឲ្យរថភ្លើង៥ខែទៀត ដែលមានវត្តមានក្នុងតំបន់URDAឈប់ដោយស្វ័យប្រវត្តិ ក្នុងនោះ រួមទាំងរថភ្លើងជួបគ្រោះថ្នាក់ទាំង២ខ្សែនេះផង។ LZB ជាប្រព័ន្ធត្រួតពិនិត្យបណ្ដារថភ្លើងកំពុងរត់ ដែលអាចជាពិសេស រារាំងការបុកគ្នារវាងរថភ្លើង២ខ្សែស្ថិតក្នុងចំណុចតែមួយជាមួយគ្នា ដោយសារហ្វ្រាំងស្វ័យប្រវត្តិ ។

អាជ្ញាធររដ្ឋបាលឯករាជ្យទទួលបន្ទុកស៊ើបអង្កេតខាងបច្ចេកទេសលើបណ្ដាគ្រោះថ្នាក់ផ្លូវដែកសម្រាប់ពេលនេះយល់ថា វាហាក់ដូចជាប្រញាប់ប្រញាល់ពេក ក្នុងការលើកឡើងពីមូលហេតុណាមួយនៃគ្រោះថ្នាក់នោះ ។ យើងមិនធ្វើសេចក្ដីថ្លែងការណ៍ណាមួយឡើយបើដរាបណាយើងពុំទាន់មានបណ្ដាព័ត៌មានគ្រប់គ្រាន់សម្រាប់ផ្ទៀងផ្ទាត់ទេនោះ។ ក្រោយគ្រោះមហន្តរាយនោះអេស្ប៉ាញប្រកាសពីការកាន់ទុក្ខជាតិ៣ថ្ងៃចាប់ផ្ដើមពីថ្ងៃទី២៩ តុលា ទៅ ៕


ចែករំលែកព័តមាននេះ