ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​​មិន​អាច​ឈ្នះ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ចោទ​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​

15 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ គណ​បក្ស​របស់​​លោ​កណឺតាន់​យ៉ាហ៊ូ​បាន​និយាយ​បន្ទរ​ត​គ្នា​នូវ​ការ​ចោទ​ប្រកាន់​ដែល​​​ថា​ «សម្ព័ន្ធ​ភាព​គណ​បក្ស​និយម​អារ៉ាប់​ជា​អ្នក​លួច​សន្លឹក​ឆ្នោត​ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​មិន​អាច​ទទួ​លបាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​ឯង​បាន​។ ការ​លួច​សន្លឹក​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​បរទេស​»​។​ ឥឡូវ​នេះ ក្រុម​របស់​លោក​ណឺតាន់​យ៉ាហ៊ូ និង​ក្រុម​​គណបក្ស​ដែល​​ដឹក​នាំ​ដោយ​លោក​ហ្កា​ឌី អេសិន​ខូត (Gadi Eisenkot) ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ «មួយចាន​ទឹក​ មួយ​ចាន​គោក»។

ជា​ការ​ពិត​ ក្រុម​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ពិត​មែន​។​ ប៉ុន្តែ​មិន​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​។ ប្រសិន​បើ​ក្រុម​លោក​អេសិន​ខូត​រួម​គ្នា​ជា​មួយ​គណ​បក្ស​និយម​អារ៉ាប់​ ពួក​គេ​អាច​មាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​។ ដូច្នេះ ទុក​ឱ្យ​លោក​ណឺតាន់​យ៉ាហ៊ូ​ធ្វើ​ជា​បក្ស​ប្រឆាំង​វិញ​ម្ដង​។ ប៉ុន្តែ​បើ​ពួក​គេ​ជ្រើស​រើស​ផ្លូវ​នេះ​ក៏​ជា​ករណី​កម្រ​ ហើយ​ក៏​ប្រថុយ​ប្រថាន​ផ្នែក​នយោ​បាយ​ខ្លាំង​សម្បើម​ណាស់​ដែរ​។ លទ្ធ​ផល​ឆ្នោត​ដែល​ប្រកាស​ដោយ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ទទួល​បាន​៥៣​អាសនៈ,​ ​​សម្ព័ន្ធ​ភាព​គណ​បក្សដឹក​នាំ​ដោយ​លោក​អេសិន​ខូត​ទទួល​បាន​៤៨​អាសនៈ​ និង​សម្ព័ន្ធ​ភាព​គណ​បក្ស​និយម​អារ៉ាប់​ទទួល​បាន​១៩​អាសនៈ​។ ​

ការ​រាប់​សន្លឹក​ឆ្នោត​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​អស់​ហើយ​ ហើយ​រង់​ចាំ​តែ​ប្រគល់​លទ្ធ​ផល​ជូន​ប្រធានា​ធិបតី​អ៊ីស្រា​អែល​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ដើម្បី​អនុម័ត​ប៉ុណ្ណោះ​។ គណ​បក្ស​លីឃុត​ (Likud) របស់​លោ​កណឺ​តាន់​យ៉ាហ៊ូ​បន្ត​សាប​ព្រោះ​ពាក្យ​មិន​ល្អ​អំពី​សម្ព័ន្ធ​គណ​បក្ស​និយម​អារ៉ាប់​ចាប់​តាំង​ពី​លទ្ធ​ផល​ស្ទង់​មតិ​ក្រោយ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​លោក​​ណឺតាន់​យ៉ាហ៊ូ​​ថយ​សំឡេង​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​។ លុះ​ដល់​ពេល​តុលាការ​​​ដាក់​ការ​សង្ស័យ​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ទំនង​ជា​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​​ថែម​ទៀត​ ធ្វើ​ឱ្យ​​គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​​​និយាយ​បំផ្លោង​វោហារ​សាស្ត្រ​កាន់​តែ​ខ្លាំង​។

​អនុ​ប្រធាន​តុលាការ​កំពូល​ លោក​សូល​បឺក (Sohlberg) សរ​សេរ​រៀប​រាប់នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ទី​ភ្នាក់​ងារ​សន្តិ​សុខ​អ៊ីស្រា​អែល​ថា​លោក​មិន​ទាន់​អាច​បញ្ជាក់​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នោះ​ទេ​។ ប៉ុន្តែ​ដោយ​យោង​ទៅ​​តាម​​អង្គ​ហេតុ​​ដែល​មិន​អាច​មើល​ស្រាល​បាន​ លោក​សូម​ស្នើ​សុំ​ឱ្យ​ទី​ភ្នាក់​ងារ​នេះ​បើក​ការ​ស៊ើប​អង្កេត​។ ឆ្លើយ​តប​ទៅ​នឹង​លិខិត​នេះ គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​រឹត​​និយាយ​បន្ទរ​ថា «​​ការ​បោះ​ឆ្នោត​នៅ​អ៊ីស្រា​អែល​​លើក​នេះ​មាន​ការ​លួច​បន្លំ​។ ការ​​ជ្រៀត​ជ្រែក​ពី​សំណាក់​បរទេស​ចូល​ទៅ​ក្នុង​ការ​​បោះ​ឆ្នោត​នេះ​គោល​ដៅ​របស់​គេ​គឺ​​ចង់​ឱ្យ​​រដ្ឋ​សភា​អ៊ីស្រា​អែល​​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស​, ចង់​ធ្វើ​ឥស្លាម​ភាវូប​នីយ​កម្ម​លើ​អ៊ីស្រា​អែល និង​ចង់​កម្ចាត់​​​រដ្ឋាភិបាល​ស្ដាំ​និយម​ពី​អំណាច​។

សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​សមាជិក​ខ្លះ​របស់​គណ​បក្ស​លោក​ណឺតាន់​យ៉ាហ៊ូ​ចោទ​ប្រកាន់​ថា​រដ្ឋ​បរទេស​នោះ​គឺ​ប្រទេស​កាតា​ដែល​ជន​ជាតិ​អ៊ីស្រា​អែល​ភាគ​ច្រើន​ចាត់​ទុក​ថា​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ក្រុម​ហាម៉ាស់​។ មិន​រង់​ចាំ​យូរ​ទេ កាតា​​ចេញ​សេចក្ដី​បដិសេធ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ ដោយ​ចាត់​ទុក​ថា​ជា​ការ​ចោទ​​ដ៏​​គួរ​ឱ្យ​អាម៉ាស់​ និង​ដ៏​​​គ្រោះ​ថ្នាក់​។ នៅ​ពេល​ប្រកាស​លទ្ធ​ផល​ឆ្នោត​​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​អះ​អាង​ថា​​​ការ​សន្និដ្ឋាន​ថា​​​មាន​រដ្ឋ​បរទេស​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​គឺ​​​ផ្អែក​ទៅ​លើប្រភព​​ព័ត៌​មាន​ពី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​។ បញ្ហា​នេះ​​មិន​ប៉ះ​ពាល់​លទ្ធ​ផល​ឆ្នោត​ស្ថា​ពរ​ទេ​ ហើយ​ក៏​មិន​បង្ក​ការ​បារម្ភអ្វី​ធំ​ដុំ​សម្រាប់​ប្រជា​ជន​អ៊ីស្រា​អែល​នោះ​ដែរ​៕ ប្រភព៖ AP​