ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ក្រុង​ហុង​កុង​សូម​ទោស​ចំពោះ​ការ​ឆេះ​អគារ​កាល​ពី​​ឆ្នាំ​មុន​ និង​ថា​រដ្ឋ​មន្ត្រី​គ្រប់​គ្រង​លំនៅ​ដ្ឋាន​បាន​លា​លែង​ពី​តំណែង

22 ម៉ោង មុន

ទី​ក្រុង​ហុង​កុង៖ អភិបាល​ទី​ក្រុង​ហុងកុង លោក​ចន​លី (John Lee) ​បាន​សូម​អភ័យ​​ទោស​ចំពោះ​ករណី​ឆេះ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៦៨​នាក់​ និង​របួស​រាប់​សិប​នាក់​ទៀត​។ ចំណែក​រដ្ឋ​មន្ត្រី​ក្រសួង​គ្រប់​គ្រង​​​លំនៅ​ដ្ឋាន​របស់​ហុង​កុង​បាន​លា​លែង​ពី​តំណែង​ចំពោះ​អ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។ ចំណាត់​ការ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ឃើញ​ថា​មាន​ចំណុច​ចន្លោះ​ប្រហោង​​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​​​ការ​គ្រប់​គ្រង​បញ្ហា​នេះ​គ្មាន​​​ប្រសិទ្ធ​ភាព​។ ​

យោង​តាម​លោក​​ចន​លី​ ​​លទ្ធ​ផល​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​ការ​អនុ​វត្ត​បទ​បញ្ញត្តិ​នៃ​សំណង់​។ សូម​រំលឹក​ថា​អគ្គិ​ភ័យ​នៅ​ក្នុង​គ្រា​នោះ​គ្រាន់​តែ​ចាប់​ផ្ដើម​ភ្លាម​ក៏​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​អ្វី​អាច​ទប់​ស្កាត់​បាន​ឡើយ​។ គាប់​ជួននៅ​​ពេល​នោះ ម្ចាស់​អគារ​កំពុង​ដាក់​រន្ទា​ និង​សំណាញ់​ជ័រ​ដើម្បី​ជួស​ជុល​កែ​លម្អ​អគារ​ថែម​ទៀត​​។ ដូច្នេះ របស់​ទាំង​នេះ​ប្រៀប​ដូច​ជា​ការ​ជួយ​ជំរុញ​ឱ្យ​ភ្លើង​ឆេះ​កាន់​តែ​លឿន​។ ក្រៅ​ពី​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​​ អគ្គិភ័យ​នេះ​ក៏​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ផ្លាស់​ប្ដូរទី​កន្លែង​រស់​នៅ​ផង​ដែរ​។

អតីត​អ្នក​រស់​នៅ​សំណង់​អគារ​វ៉ាង​ហ្វ៊ូក​ខត​ (Wang Fuk Court)​ ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ដើម្បី​រង់​ចាំ​មើល​ដំណោះ​ស្រាយ​​របស់​រដ្ឋ​អំណាច​ហុង​កុងចំពោះ​​បញ្ហា​ដែល​ពួក​គេ​កំពុងតែ​​ប្រឈម​។ លោក​ចន​លី និង​មន្ត្រី​កំពូល​ៗ​របស់​លោក​ចំនួន​៧​រូប​ទៀត​​បានលំឱន​កាយ​បន្តិច​ដើម្បី​សូម​អភ័យ​ទោស​ចំពោះ​ការ​ខ្វះ​ខាត​ដែល​បណ្ដាល​ឱ្យ​មាន​អគ្គិភ័យ​នោះ​។ លោក​លី​ថ្លែង​ថា​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​លំនៅ​ដ្ឋាន​ លោក​ស្រីវីន​នីហូ (Winnie Ho) គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​នយោ​បាយ​ចំពោះ​រឿង​នេះ​ ទោះ​បី​គេ​មិន​បាន​រក​ឃើញ​ថា​មាន​​កំហុ​សឆ្គង​ផ្ទាល់​ខ្លួន​ក៏​ដោយ​។ លោក​ថា​លោក​ស្រី​ហូ​បាន​លា​លែង​ពី​តំណែង​កាល​ពី​ម្សិល​មិញ​។

​គណៈ​កម្ម​ការ​ឯក​រាជ្យ​មួយ​ស្រាវ​ជ្រាវ​ឃើញ​ថា​ក្រសួង​គ្រប់​គ្រង​លំនៅ​ដ្ឋាន​មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ត្រួត​ពិនិត្យ​​មើល​ដំណើរ​ការ​ជួស​ជុល​អគារ​ដែល​ឆេះ​នោះ​ទេ​។ លោក​លី​ថ្លែង​ថា​មន្ទីរ​គ្រប់​គ្រង​លំនៅ​ដ្ឋាន​ នាយក​ដ្ឋាន​គ្រប់​គ្រង​អគ្គិភ័យ​ និង​នាយក​ដ្ឋាន​ពល​កម្ម​សុទ្ធ​តែ​បំពេញ​ការ​ងារ​របស់​ខ្លួន​មិន​បាន​ដិត​ដល់​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​ទៅ​លើ​សំណង់​អគារ​ដែល​ឆេះ​​។ របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​រក​ឃើញ​ភស្តុ​តាង​បង្ហាញ​ថា​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​ផ្ដើម​​ចេញ​ពី​កន្ទុយ​បារី​ដែល​បន្សល់​ទុក​​រងើក​ភ្លើង​។ ក្រុម​អ្នក​ជំនាញ​រក​ឃើញ​ការ​ប្រើ​ប្រាស់​បន្ទះ​ក្ដារ​ជ័រ​ សំណាញ់​ និង​ផ្ទាំង​កំណាត់​ដែល​ប្រើ​ប្រាស់​សម្រាប់​ជួស​ជុល​អគារ​ជា​របស់​ដែល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ភ្លើង​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​៕ ប្រភព​៖ Asia