ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បញ្ជូន​ដ្រូន​ទៅ​វា.យ​ប្រ.ហារ​ស្ថានីយ​រថ​ភ្លើង​មួយ​ខ្សែ​បណ្ដាល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​យ៉ាង​តិច​១៤​នាក់​

23 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ រុស្ស៊ី​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​រថ​ភ្លើង​ដែល​មាន​មនុស្ស​កំពុង​ប្រមូល​ផ្ដុំ​យ៉ាង​ច្រើន​កុះ​ករ​បណ្ដាល​ឱ្យ​​ពួក​គេ​ស្លាប់​​យ៉ាង​តិច​១៤​នាក់​។ ហេតុ​ការណ៍​នេះ​កើ​ត​ឡើង​នៅទី​ក្រុង​ឌីនី​ប្រូ (Dnipro)​។ រុស្ស៊ី​ក៏​វាយ​ប្រហារ​ទី​ក្រុង​ដទៃ​ទៀត​ចំនួន​៥​កន្លែង​ទាំង​កណ្ដាល​ថ្ងៃ​ផង​ដែរ​ទោះ​បី​បទ​ឈប់​បាញ់​នៅ​តំបន់​ខឺសុន​ផ្ដល់​ជា​ក្ដី​សង្ឃឹម​ថា​អាច​នឹង​មាន​ការ​ចរ​ចា​គ្នា​ផ្នែក​ការ​ទូត​ឡើង​វិញ​​យ៉ាង​ណា​ក្ដី​។ មនុស្ស​ជំទង់​២​នាក់​​ស្លាប់​នៅ​តាម​ដង​វិថី​នៃ​ទី​ក្រុង​​ឆឺន​នីហ៊ីវ​ (Chernihiv) ស្ថិត​នៅ​ប្រទេស​អ៊ុយ​ក្រែន​ភាគ​ខាង​ជើង​។

ក្រៅ​ពី​នេះ ​មនុស្ស​៣​នាក់​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​នៃ​​ទី​ក្រុង​ក្រេ​មេន​ឈូក (Kremenchuk)​។ ​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន លោក​សឺហ្គី កូរ៉េត​ស្គី (Sergiy Koretskyi) បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​រុស្ស៊ី​មាន​ចេត​នា​ប្រមាញ់​អាយុ​ជីវិត​ជន​ស៊ីវិល​នៅ​លើ​រថ​ភ្លើង​ នៅ​ស្ថានីយ​រថ​ភ្លើង​ និង​នៅ​ក្នុង​អគារ​ស្នាក់​នៅ​។ អំពើ​ភេរវកម្ម​​នេះ​​មិន​អាច​យក​អ្វី​មក​ធ្វើ​ជា​អំណះ​អំណាច​ដើម្បី​បង្ហាញ​អំពី​ភាព​សម​ហេតុ​ផល​ទាល់​តែ​សោះ​​។​ រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​កុំ​ស្មាន​ថា​មាន​បទ​ឈប់​បាញ់​នៅ​ទី​ក្រុង​អូឡេស្គី ខ្លួន​ក៏​ឈប់​វាយ​ប្រហារ​​។ បទ​ឈប់​បាញ់​អនុ​វត្ត​តែ​នៅ​ក្នុង​ទី​ក្រុង​ដែល​ភាគី​ទាំង​២​ព្រម​ព្រៀង​គ្នា​​ប៉ុណ្ណោះ​។

នៅ​ទី​កន្លែង​ដទៃ​ទៀត​ ដ្រូន​ និង​មីស៊ីល​របស់​រុស្ស៊ី​បន្ត​វាយ​ប្រហារ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែន ​រួម​ទាំង​បណ្ដាញ​ផ្លូវ​ដែក​ផង​ដែរ​ ជា​ហេតុ​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​របស់​ប្រជា​ជន​ប្រឈម​នឹង​បញ្ហា​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំ​ពេល​ដែល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​កំពុង​យ៉ាប់​ស្រាប់​ទៅ​ហើយ​នោះ​។ ​​ឆ្លៀត​ឱកាស​ដែល​អ៊ុយ​ក្រែន​គ្មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​គ្រប់​គ្រាន់​សម្រាប់​បាញ់​ទម្លាក់​ដ្រូន​ និង​មីស៊ីល​ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​។ ​ក្រុម​ហ៊ុន​អាយ​ស្ម័យ​យាន​របស់​រដ្ឋ​ថ្លែង​ថា​ដ្រូន​ដែល​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​មួយ​គ្រឿង​វាយ​ប្រហារ​ស្ថានីយ​រថ​ភ្លើង​សំខាន់​នៅ​ទី​ក្រុង​ឌីនី​ប្រូ​នៅ​ពេល​រថ​ភ្លើងមួយ​គ្រឿង​​ត្រៀម​ចាក​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​​ទី​ក្រុង​ហ្សា​ប៉ូរី​ហ្សៀ​។

​តាម​រយៈ​រូប​ភាព​ដែល​បង្ហោះ​ដោយ​ប្រធានា​ធិបតី​ហ្សេឡិន​ស្គី​ គេ​ឃើញ​សាក​សព​មនុស្ស​ដេក​រដូក​រណែល​ពាស​ពេញ​ដី និង​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រញាប់​សែង​អ្នករបួស​ដាក់​លើ​ប្រង់​កា​ទៅ​មន្ទីរ​ពេទ្យ​។ ​នៅ​ទី​ក្រុង​ឆឺនី​ហ៊ីវ​ ក្រៅ​ពី​មនុស្ស​ស្លាប់​២​នាក់​ មនុស្ស​២៣​នាក់​ទៀត​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​រុស្ស៊ី​ទៅ​លើ​ដង​វិថី​មួយ​ខ្សែ​ដែល​មាន​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក​។ នៅ​ក្រេមេន​ឈូក (Kremenchuk) ការ​វាយ​ប្រហារ​ទៅ​លើ​អគារ​ស្នាក់​នៅ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ និង​របួស​១៥​នាក់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អភិបាល​នៃ​គណៈ​អភិបាល​តំបន់​។ ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ឌីនីប្រូ លោក​ហ្សេឡិនស្គី​ជំរុញ​​ឱ្យ​ក្រុម​ប្រទេស​ជា​ដៃ​គូ​បន្ត​ដាក់​សម្ពាធ​រុស្ស៊ី​ឱ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​​៕ ប្រភព៖ Asia One