ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ប្រាប់​ឱ្យ​សម្ព័ន្ធ​មិត្ត​ត្រៀម​ទប់​ទល់​នឹង​ការ​វា.យ​ប្រ.ហារ​របស់​អុីរ៉ង់​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា

23 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ព្រមាន​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ថា​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ព្រោះ​អាច​នឹង​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​យោធា​អុីរ៉ង់។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ជម្រាប​ប្រាប់​បណ្ដា​សម្ព័ន្ធ​មិត្ត​នៅ​មជ្ឈិម​បូព៌ា​​ថា​ត្រូវ​តែ​ត្រៀម​លក្ខណៈ​សម្បត្តិ​ទុក​ឱ្យ​ហើយ​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​យោធា​អុីរ៉ង់​ក្រោយការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​នា​សប្ដាហ៍​ក្រោយ​ ហើយ​ពួក​គេ​ក៏​ត្រូវ​​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​ដែល​អុីរ៉ង់​វាយ​ប្រហារ​ពួក​គេ​ដើម្បី​សង​សឹក​ផង​ដែរ​​។ នេះ​បើ​យោង​តាម​អ្នក​​ការ​ទូត​២​រូប​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​។ ​

លោក​ដូណាល់​ត្រាំ​មិន​ទាន់​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​នឹង​វាយ​ប្រហារ​អុីរ៉ង់​ជា​ថ្មី​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​ការ​ទូត​ទាំង​នោះ​។ ប៉ុន្តែ​​លោក​និយាយ​ញយ​ដង​ហើយ​ថា​​​លោក​កំពុង​ថ្លឹង​ថ្លែង​ថា​តើ​ត្រូវប្រើ​ប្រាស់​ចំណាត់​ការ​យោធា​ឬ​យ៉ាង​ណា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​។ ការ​គំរាម​កំហែង​ និង​ការ​ជំរុញ​ជា​ថ្មី​ពី​សំណាក់​អាមេរិកឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​សង​សឹក​របស់​អុីរ៉ង់​រឹត​តែ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នៅ​​មជ្ឈិម​បូព៌ា​ឡើង​កម្ដៅ​ ហើយ​ធ្វើ​ឱ្យ​គេ​បារម្ភ​ថា​ស្រួល​មិន​ស្រួល​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​អាច​នឹង​កើត​ឡើង​សា​ជា​ថ្មី​​។

អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​សេត​វិមាន និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់​ លោក​អារ៉ាក់​ឈី បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​កាល​ពី​ម្សិល​មិញ​ថា​រដ្ឋាភិបាល​របស់​លោក​នៅ​តែ​បន្តចាត់​ទុក​មធ្យោបាយ​ការ​ទូត​ជា​មាគ៌ា​ឆ្ពោះ​ទៅរក​ការ​ដោះ​ស្រាយបញ្ហា​​ដោយ​ជោគ​ជ័យ​ជា​និច្ច​។ រដ្ឋាភិបាល​របស់​លោក​កំពុង​សហ​ការ​ជា​មួយ​ក្រុម​ប្រទេស​អន្ត​រ​ការី​ដើម្បី​ឱ្យ​ពួក​គេ​ពិនិត្យ​មើល​លក្ខ​ខណ្ឌ​របស់​អុីរ៉ង់​ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​កាល​ពី​ខែ​កញ្ញា​ (ផែន​ការ​នោះ​ត្រូវ​លោ​កត្រាំ​បដិ​សេធ​ភ្លាម​ៗ)។ អុីរ៉ង់​សង្ឃឹម​ថា​ផែន​ការ​សន្តិ​ភាព​​នោះ​អាច​បាន​ជា​​មូល​ដ្ឋាន​នៃ​ការ​វិល​ទៅ​រក​បទ​ឈប់​បាញ់​ជា​ថ្មី​។

ទន្ទឹម​នឹង​នោះ ក្រសួង​ការ​បរទេស​របស់​ប្រទេស​អារ៉ាប់​រួម​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ជំរុញ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​​ប្រើ​ប្រាស់​គតិ​បណ្ឌិត និង​បន្ត​គាំទ្រ​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោ​បាយ​ដើម្បី​ទប់​ស្កាត់​ភាព​តាន​តឹង​ និង​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​ជា​ថ្មី​នៃ​​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​។ អាមេរិក​បាន​ប្រាប់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ថា​ចំណាត់​ការ​យោធា​លើក​​​​នេះ​អាច​នឹង​អូស​បន្លាយ​ពេល​​ជា​ច្រើន​ថ្ងៃ​។ ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​ប្រទេស​នៅ​ក្នុង​តំបន់​យល់​ថា​អុីរ៉ង់​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អុីរ៉ង់​មុខ​ជា​មិន​នៅ​ស្ងៀម​ទេ​។ ពួក​គេ​មុខ​ជា​វាយ​ប្រហារ​សង​សឹក​វិញ​ជា​មិន​ខាន​។ ដូច្នេះ សង្គ្រាម​អាច​នឹង​អូស​បន្លាយ​ពេល​យូរ​៕ ប្រភព៖ AP