ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ចាប់​ផ្ដើម​ដឹក​ចូល​ទី​ក្រុង​អូឡេស្គី (Oleshky) ជា​បណ្ដើរៗ​​​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ស្បៀង​អាហារ

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ជំនួយ​មនុស្ស​ធម៌​ចាប់​​ផ្ដើម​ដឹក​ជា​បណ្ដើរ​ៗ​ចូល​ទី​ក្រុង​អូឡេស្គី (Oleshky) ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​នេះ​បន្ត​អនុ​វត្ត​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បី​​ហើយ​ ខណៈ​ដែល​ពួក​យោធា​ចាប់​ផ្ដើម​ដោះ​មីន​នៅ​ជុំ​វិញ​ទី​ក្រុង​នេះ​។ ​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ឃ្លាំ​មើល​​ការ​អនុ​វត្ត​បទ​ឈប់​បាញ់​​​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ​ទោះ​បី​សង្គ្រាម​បន្តកើត​ឡើង​នៅ​ទី​កន្លែង​ដទៃ​ទៀត​ដោយ​មិន​ទាន់​មាន​សញ្ញា​ច្បាស់​លាស់​ថា​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ណា​ទេ​។

តាម​គម្រោង អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែននឹង​ចាប់​ផ្ដើម​ជួប​គ្នា​ជា​ថ្មី​ត្រី​ភាគី​នៅ​ទី​ក្រុង​អាប៊ូ​ដាប៊ី​ ប្រទេស​អារ៉ាប់​រួម​ នា​ខែ​វិច្ឆិកា​។ គេ​មិន​ទាន់​ដឹង​លម្អិត​អំពី​របៀប​វារៈ​នៃ​​គម្រោង​​​ជួប​គ្នា​​​​នៅ​ឡើយ​ទេ​។ កាល​ពី​ពេល​កន្លង​មក​ក៏​ធ្លាប់​មាន​បទ​ឈប់​បាញ់​របៀប​ដូច​នៅ​ទី​ក្រុង​អូឡេស្គី​ដែរ​ ប៉ុន្តែ​ឈប់​បាញ់​មិន​បាន​ប៉ុន្មាន​ផង​ក៏​ចាប់​ផ្ដើម​ផ្ទុះ​អាវុធ​សា​ជា​ថ្មី​។ ឥឡូវ​នេះ គេ​កំពុង​រង់​ចាំ​មើល​ថា​តើ​បទ​ឈប់​បាញ់​លើក​នេះ​នឹង​អូស​បន្លាយ​ពេលបាន​​កម្រិត​ណា​។

នៅ​ទី​កន្លែង​ដទៃ​ទៀត​ សមរភូមិ​បន្ត​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក។ ដ្រូន​មួយ​គ្រឿង​របស់​រុស្ស៊ី​ដែល​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​បាន​វាយ​ប្រហារ​រថ​ភ្លើង​២​ខ្សែ​ដែល​ឈប់​ស្ងៀម​នៅ​ចំណត​នៃ​​ប្រទេស​អ៊ុយ​ក្រែន​ភាគ​កណ្ដាល​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៣​នាក់​ និង​របួស​១០​នាក់​។ ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​​ ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ឃោរ​ឃៅ​ព្រោះ​វាយ​ចំ​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​នៅ​តំបន់​ឌី​នី​ប្រូ​។

រុស្ស៊ី​ក៏រង​ការ​វាយ​ប្រហា​រពី​អ៊ុយ​ក្រែន​វិញ​ដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស៊ី​ប្រកាស​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​សរុប​១២១៤​គ្រឿង​កាល​ពី​យប់​មិញ​។ នេះ​ជា​ការ​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​រុស្ស៊ី​ដ៏​ច្រើន​បំផុត​​មួយ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​។ នៅ​ក្នុង​ចំណោម​ដ្រូន​ទាំង​នោះ ពាក់​កណ្ដាល​ហោះ​សំដៅ​​ទៅ​ទី​ក្រុង​ម៉ូស្គូ​។ នេះ​បើ​យោង​​តាម​អះ​អាង​របស់​​អភិបាល​នៃ​គណៈ​អភិបាល​ទី​ក្រុង​ម៉ូស្គូ លោក​សឺហ្គេ សូប៊ី​យ៉ានីន​៕​ ប្រភព៖ AP