ខេត្តកំពង់ស្ពឺ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីក្រុមហ៊ុន ខេមបូឌាន ខេឡៃយ៉ា ហ្គាម៉ិន ឯ.ក មិនបានបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតតាមកាលកំណត់ ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់មន្ត្រីជំនាញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ។

បើតាមលោក ស៊ុន មេសា បងប្អូនកម្មករបានវិលចូលធ្វើការវិញជាធម្មតានៅថ្ងៃទី២៧ ខែតុលានេះ ។ ការទាមទារនេះ បានកើតឡើងក្នុរោងចក្រ ដែលមានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «ក្រសួងយកចិត្តទុកដាក់ចំពោះបញ្ហាប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិត ព្រោះប្រាក់ឈ្នួលជាចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសារ។ ការសម្របសម្រួលដោះស្រាយករណីនេះ គឺដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ព្រមទាំងរក្សាទំនាក់ទំនងការងារល្អនៅក្នុងរោងចក្រ» ។

អ្នកនាំពាក្យក្រសួងក៏បានអំពាវនាវឱ្យនិយោជកយកចិត្តទុកដាក់បើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានទៀងទាត់តាមកាលកំណត់ និងឱ្យភាគីពាក់ព័ន្ធបន្តសហការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងយន្តការសម្របសម្រួល ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ