ខេត្តពោធិ៍សាត់ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២ ៨០០ កន្លែងជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ៥០០នាក់ ជាពិសេស អតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ ។

ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោកស្រី សៅ ស្រីពៅ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាជន តាមរយៈការទាក់ទាញវិនិយោគមកបណ្តាក់ទុន នៅកម្ពុជាឱ្យកាន់តែច្រើន ។ បច្ចុប្បន្ន មានឱកាសការងារជិត ៩ម៉ឺន កន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ក្រសួងបាននាំយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រមកផ្សព្វផ្សាយឱកាសការងារជិត ៣ពាន់ កន្លែង ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ ។

លោកស្រី សៅ ស្រីពៅ បានរំលេចពីសារៈសំខាន់ នៃការងារគ្រប់ប្រភេទ ដោយសូមឱ្យបងប្អូន “កុំទុកពេលទំនេរចោល ។ មានការងារ មានក្តីសង្ឃឹម មានចំណូល មានភាពថ្លៃថ្នូរ” ជាពិសេសគឺការងារក្នុងស្រុក សម្រាប់កសាងជីវភាពរស់នៅ ប្រកបដោយសុវត្ថិភាព និងរួមចំណែកដោយផ្ទាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ការងារក្នុងស្រុក ក្រៅពីប្រាក់ឈ្នួលសមរម្យ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ ។

ក្នុងករណីបងប្អូនចង់ទៅធ្វើការ នៅក្រៅប្រទេស លោកស្រី សៅ ស្រីពៅ បានលើកទឹកចិត្តឱ្យចុះឈ្មោះ ជាមួយនឹងក្រុមហ៊ុនស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងនៅប្រទេសថៃ ។ ទន្ទឹមនេះ បងប្អូនក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥លាន ដោយឥតគិតថ្លៃ ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចប្រើប្រាស់ជំនាញទាំងនេះ បង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន ។ លោកស្រីសុំឱ្យបងប្អូនចងចាំ និងទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ លានហ្វា ហេងយូ (ខេមបូឌា) ហ្គាម៉ិន, រោងចក្រ ប៉ូលស្តារ (ខេមបូឌា) ហ្គាម៉ិន ឯ.ក, រោងចក្រ តៃអ៊ីហ្ស៊ី អិនធើណេហ្សិនណល ខូអិលធីឌី និងរោងចក្រ មីនេបៀ (ខេមបូឌា) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្ម ទៅធ្វើការនៅប្រទេសជប៉ុន ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ