ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ៖ ឱកាសការងារជិត ៩ម៉ឺនកន្លែង, អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនពលរដ្ឋក្នុងមូលដ្ឋាន

2 អាទិត្យ មុន

ខេត្តក្រចេះ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកជិត ៩ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកឆ្លូង ខេត្តក្រចេះ ។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ លោក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានជួយសម្រួលបងប្អូនអតីតពលករ ដោយផ្តល់ជូនមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត អាហារសម្រន់ ព័ត៌មានការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក ។ ពេលនេះក៏បាននាំយកឱកាសការងារក្នុងស្រុកជិត ៣ពាន់ន្លែង ក្នុងចំណោមការងារជិត ៩ម៉ឺន នៅទូទាំងប្រទេសមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ ។

អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យបងប្អូនទទួលយកឱកាសការងារ ក្នុងស្រុកទាំងនេះ ដោយសូមកុំទុកពេលវេលាចោល ដែលនាំឱ្យខាតបង់ទាំងចំណូលផងដែរ ។ លោកបានធ្វើការប្រៀបធៀបពីការងារចំណាកស្រុកខុសច្បាប់នៅថៃ និងការងារក្នុងស្រុក ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុក ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ។ ចំណែកឯ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ ។

ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការ នៅប្រទេសផ្សេងដោយស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន ។

លោក អ៊ុក ដារ៉ា ក៏បានសំណូមពរឱ្យបងប្អូនជួយផ្សព្វផ្សាយ ពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ លានហ្វា ហេងយូ (ខេមបូឌា) ហ្គាម៉ិន, រោងចក្រ ប៉ូលស្តារ (ខេមបូឌា) ហ្គាម៉ិន ឯ.ក, រោងចក្រ តៃអ៊ីហ្ស៊ី អិនធើណេហ្សិនណល ខូអិលធីឌី និងរោងចក្រ មីនេបៀ (ខេមបូឌា) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្ម ទៅធ្វើការនៅប្រទេសជប៉ុន ៕ អត្ថបទសហការ