ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​អន្តរក្រសួង សរសើរនិង​ផ្តល់​ធាតុ​ចូល​លើ ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ ២០២៦-២០៣៥

21 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០២៦-២០៣៥ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយក ទីប្រឹក្សា​ក្រសួង​ការងារ ថ្នាក់ដឹកនាំ និង​តំណាង​អន្តរក្រសួង ក្នុងគោលបំណង​ពិនិត្យ ពិភាក្សា ប្រមូល​ធាតុ​ចូល លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០២៦-២០៣៥​ ។

កិច្ចប្រជុំ​នេះ​ទទួល​បាន​ធាតុ​ចូល និង​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​សង្គតិភាព ភាព​គ្រប់​ជ្រុងជ្រោយ និង​អាច​អនុវត្ត​បាន​ជាក់ស្តែង និង​ភាព​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ពាក់ព័ន្ធ មុន​ដាក់​ស្នើ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិនិត្យ និង​សម្រេច ដើម្បី​បន្ត​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់ នា​ពេល​អនាគត​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ នៃ​ការ​រៀបចំ​គោលនយោបាយ​នេះ ​សម្រាប់​រយៈពេល ១០​ឆ្នាំទៅ​មុខ គឺ​ការ​បន្ត​ពង្រឹង​សមិទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០១៥-២០២៥, ការ​គាំទ្រ​ទិស​ដៅ​អភិវឌ្ឍន៍​ជាតិ ស្រប​តាម​អាទិភាព​គន្លឹះ​ទី​១ “​មនុស្ស​” និង​គោលដៅ “​ការងារ​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០, ការ​ត្រៀមខ្លួន​សម្រាប់​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​ អភិវឌ្ឍន៍​តិចតួច (LDC), ការ​ឆ្លើយ​តប​នឹង​បរិវត្ត​កម្ម​នៃ​ពិភព​ការងារ ជា​ពិសេស​បញ្ញា​សិប្បនិម្មិត (AI) បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​បៃតង និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ទីផ្សារ​ការងារ​ ។ គោលនយោបាយ​នេះ មាន​ចក្ខុវិស័យ កសាង និង​អភិវឌ្ឍ​ទីផ្សារ​ការងារ​កម្ពុជា ដែល​មាន​ភាព​ធន់ ភាព​ប្រកួតប្រជែង និង​បរិ​យា​បន្ន ដោយ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មានមុខ​របរ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន និង​មាន​ការងារ​កាន់តែ​សមរម្យ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ក្រុមការងារ​ដែល​បាន​ខិតខំ​បំពេញ​តួនាទី ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​រហូត​សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នៃ​សេចក្តី​ព្រាង​គោលនយោបាយ​នេះ ដែល​រួម​ទាំង​ការ​ប្រជុំ និង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​ច្រើន​ដង ដោយ​មានការ​ចូលរួម​ទាំង​កម្រិត​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ អន្តរជាតិ សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍន៍ ភាគី​និយោជក និង​សហជីព ​។

អង្គប្រជុំ​បាន​កោតសរសើរ​ចំពោះ​ការ​រៀបចំ និង​វ​ឌ្ឍ​ភាព​នៃ​គោលនយោបាយ​ជាតិ​នេះ ព្រមទាំង​បាន​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​យ៉ាង​ផុសផុល​លើ​សេចក្តី​ព្រាង​គោលនយោបាយ​នេះ ហើយ​តាម​រយៈ​ធាតុ​ចូល​ទាំងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​ធ្វើ​បច្ចុប្បន្នភាព​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​នេះ ដើម្បី​រៀបចំ​ដាក់​ស្នើ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ និង​ផ្តល់​យោបល់​បន្ថែម​ទៅ​តាម​ផែនការ​កំណត់​ ៕ អត្ថបទសហការ