ខេត្តកំពត ៖ មនុស្ស២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមរថយន្តក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១២ សីហា នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ។
ទាក់ទិននឹងគ្រោះថ្នាក់ដ៏រន្ធត់នេះគេបានដឹងថា រថយន្តពាក់ស្លាកលេខកំពត 3A-0286 ដឹកស្រូវពេញធ្វើដំណើរមកពីទិសខាងជើង ឯម៉ូតូ C125 ស៊េរីឆ្នាំ២០១១ ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា។ បើតាមសាក្សីនៅកន្លែងកើតហេតុនិយាយថា ម៉ូតូនេះបានបើកវ៉ាម៉ូតូ១គ្រឿងទៀត ដែលដឹកជាលហើយទំនងជាប៉ះដៃចង្កូត ទើបរេចង្កូតទៅប៉ះជាមួយរថយន្តដឹកស្រូវ ដួលបណ្តាលឱ្យរថយន្តកិនទាំង២នាក់ខ្ទេចក្បាលធ្លាយចេញខួរខ្ទាតរាយប៉ាយពេញដងផ្លូវជាតិ ធ្វើឱ្យមនុស្សម្នារាប់រយនាក់មកចោមរោមមើលយ៉ាងស្រៀវសាច់។
មន្ត្រីប៉ូលិសចរាចរស្រុកអង្គរជ័យ បានមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង២នាក់ គឺឈ្មោះ គង់ វាន់ធឿន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកាន់ទ្រង់ ឃុំតានី និងឈ្មោះទុំ ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ នៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមព័ត៌មានថា ឈ្មោះទុំ ចិត្រា មកចូលរួមមង្គលការសាច់ញាតិនៅភូមិប្រាល នាល្ងាចថ្ងៃទី១២ សីហា នោះ តែមិនទាន់បានចូលរួមផង ក៏ជួបគ្រោះថ្នាក់បែបនេះទៅ ។ មន្ត្រីប៉ូលិសចរាចរដដែលនិយាយថា ចំណែកឯរថយន្តដឹកស្រូវនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ដឹកស្រូវទៅដាក់នៅផ្សារតន់ហន់ជាប់ព្រំដែនប្រទេសវៀតណាម។ ពេលដែលរថយន្ត និងម៉ូតូប៉ះគ្នាហើយរថយន្តបានកិនមនុស្សស្លាប់ទាំង២នាក់ អ្នកបើកបរក៏ឈប់រថយន្ត ហើយចុះរត់ទៅទិសខាងលិចផ្អើលអស់អ្នកស្ទូងក្នុងស្រែ ។
លោកទូច ចន្នី អធិការរងប៉ូលិសស្រុកអង្គរជ័យថ្លែងថា គ្មាននរណាម្នាក់បានឃើញផ្ទាល់ភ្នែកពីគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់នេះទេ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងគឺអ្នកជិះម៉ូតូបើករំលោភចូលទៅខាងរថយន្តដឹកស្រូវច្រើន ព្រោះម៉ូតូរបស់ជនរងគ្រោះត្រូវរថយន្តបុកចំពីមុខអូសជាប់ជិត២០ម៉ែត្រ ហើយមនុស្សកិនបែកក្បាលខ្ទេចសល់តែដងខ្លួន។ លោកអធិការរងបានប្រាប់ថា ថ្មីៗកន្លងទៅនេះនារី២នាក់បងប្អូនក៏បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍បែបនេះដែរ៕
ចែករំលែកព័តមាននេះ