លេចរូបរាងជាថ្មីកណ្តាលផ្ទៃទឹក ! ប្រាសាទមេបុណ្យខាងលិច បិទបញ្ចប់ការជួសជុលទាំងស្រុង និងកំពុងទាក់ទាញទេសចរយ៉ាងខ្លាំង
- សៀមរាប
ខេត្តសៀមរាប ៖ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើន បានចូលទៅទស្សនា និងថតរូប ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាយប់ថ្ងៃទី១៥ ខែតុលានេះ។

អាជ្ញាធរជាតិអប្សរា បានបន្តថា ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ ។

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ ។ ស្ថិតនៅកណ្តាលបារាយណ៍ ហ៊ុំព័ទ្ធដោយទឹកល្ហល្ហេវ ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរឱ្យមកទស្សនាឥតដាច់ ។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ៕ អត្ថបទ: យី សុថា











ចែករំលែកព័តមាននេះ