ទីក្រុងឥស្លាមម៉ាបាត៖ មានហេតុការណ៍បាក់ដំបូលសាលារៀនឯកជនមួយកន្លែងនៅទីក្រុងប៉េសាវ៉ា (Peshawar) ប្រទេសប៉ាគីស្ថានភាគពាយព្យ បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២៨នាក់។ ក្នុងនោះ កុមារ២៧នាក់ និងគ្រូបង្រៀនម្នាក់។ ក្រៅពីនេះ មនុស្សជាង៥០នាក់រងរបួស។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអាជ្ញាធរ និងបុគ្គលិកបម្រើការនៅមន្ទីរពេទ្យ។ កុមារដែលស្លាប់នៅក្នុងហេតុការណ៍បាក់ដំបូលសាលាអាល់ខាអៀ (Al-Khair) មានអាយុចាប់ពី១៣ឆ្នាំចុះមកក្រោម។ នៅក្នុងចំណោមអ្នករបួសទាំងនោះ អ្នកខ្លះរងរបួសធ្ងន់ មិនសង្ឃឹមថានៅរស់ទេ។

មន្ទីរពេទ្យ Lady Reading Hospital ប្រកាសអាសន្នអំពីបញ្ហានេះ ហើយបុគ្គលិកសុខាភិបាលរបស់ខ្លួនកំពុងព្យាបាលអ្នករបួសយ៉ាងដុតដៃដុតជើង។ ក្រោយការបាក់ដំបូលអគារនោះជាច្រើនម៉ោងទើបគេអាចទាញយកអ្នកដែលនៅរស់រានមានជីវិត និងដែលជាប់ផុងនៅក្រោមគំនរបាក់បែក។ អ្នកគ្រូបង្រៀនម្នាក់ដែលរងរបួសនៅក្នុងហេតុការណ៍នេះប្រាប់ថាសាលារៀនកម្ពស់បីជាន់នោះមានសិស្សចុះឈ្មោះចូលរៀនប្រហែល១២០០នាក់ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៥។ អ្នកគ្រូកំពុងបង្រៀនសិស្សសុខៗស្រាប់តែដំបូលសាលាបាក់គ្រឹបតែម្ដងប្រៀបដូចមេឃរលំដូច្នោះដែរ។ រហូតដល់ក្រោយពេលគេដឹកទៅដល់មន្ទីរពេទ្យទើបអ្នកគ្រូដឹងខ្លួនពីសន្លប់។

អភិបាលនៃគណៈអភិបាលខេត្តកើតហេតុខាងលើសម្ដែងការសោកស្ដាយចំពោះហេតុការណ៍នេះ និងកំពុងស្វះស្វែងរករបាយការណ៍លម្អិតអំពីសំណុំរឿងនេះដើម្បីចង់ដឹងអំពីមូលហេតុ។ លោកបានណែនាំឱ្យមន្ត្រីក្រោមឱវាទផ្ដល់ការគាំទ្រផ្នែកសុខាភិបាលឱ្យអស់ពីចិត្តពីថ្លើមតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីព្យាបាលអ្នករបួស។ យោងតាមចម្លើយរបស់សាក្សីនៅនឹងកន្លែងកើតហេតុ អ្នករស់នៅជិតៗនោះបានចុះទៅដល់សាលារៀនមុនគេ។ បន្ទាប់ពីទទួលដំណឹងនេះ ក្រុមអ្នកជួយសង្គ្រោះក៏ប្រញាប់ចុះទៅកន្លែងកើតហេតុផងដែរ។

ជនជាតិប៉ាគីស្ថានម្នាក់ប្រាប់ថាបន្ទាប់ពីឮដំណឹងនេះ គាត់ក៏ប្រញាប់ចុះទៅសាលារៀន និងជួយទាញកូនសិស្សស្រីៗបីនាក់ពីគំនរបាក់បែក។ គាត់ប្រាប់ថាកូនប្រុសគាត់ដែលរៀននៅសាលានេះដែរអាចរួចផុតជីវិតពីគ្រោះថ្នាក់ព្រោះមុនពេលកើតហេតុតែបន្តិចប៉ុណ្ណោះ កូនរបស់គាត់ដើរចេញមកទីធ្លាខាងក្រៅដើម្បីផឹកទឹក។ ជនជាតិប៉ាគីស្ថានម្នាក់ទៀតប្រាប់ថាក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដោយប្រយ័ត្នប្រយែងដើម្បីរើកកាយគំនរបាក់បែកថ្នមៗក្រែងលោបាក់សង្កត់ពីលើអ្នកដែលនៅរស់ និងដែលកប់នៅខាងក្រោមនោះ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ