រាជធានីភ្នំពេញ ៖ អភិបាលក្រុងគីម ផូ ប្រទេសកូរ៉េ មានបំណងឱ្យក្រុមហ៊ុន-សហគ្រាសផលិត ប្រមាណ៨ពាន់ក្រុមហ៊ុន អាចពង្រីកសក្តានុពលរបស់ខ្លួន នៅក្នុងទីផ្សារ នៃប្រទេសកម្ពុជា ។
ការលើកឡើងនេះខណៈ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ នៅសាលាក្រុងគីមផូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់យោបល់អំពីការពង្រឹងចំណងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងកិច្ចគាំពារដល់សុខមាលភាពរបស់បងប្អូនសហគមន៍ខ្មែរដែលរស់នៅ និងបំរើការងារក្នុងតំបន់គីមផូចំនួនប្រមា ណ២ពាន់នាក់ ដោយលោកអភិបាលក្រុងបានលើកឡើងថា បងប្អូនប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់គីមផូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្តម ឯអគ្គរាជទូត បានជម្រាបលោកអភិបាលក្រុងគីមផូថា ឆ្នាំក្រោយជាឆ្នាំពិសេស នៃឱកាសគម្រប់ខួប៣០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តមសង្ឃឹមថា ស្ថានទូត និងក្រុងគីមផូ អាចរៀបចំព្រឹត្តិការណ៍ពិសេសរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងបំលាស់ប្តូររវាងប្រជាជន និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញលោកអភិបាលក្រុងទៅទស្ស នកិច្ចនៅកម្ពុជា ដោយដឹកនាំក្រុមហ៊ុនសហគ្រាសកូរ៉េក្នុងតំបន់គីមផូ ដើម្បីរៀបចំវេទិការធុរកិច្ច ក្នុងគោលដៅបង្កើតឱកាសវិនិយោគ និងស្វែងរកដៃគូអាជីវ កម្មថ្មីក្នុងប្រទេសកម្ពុជា។
លោកអភិបាលក្រុង បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត និងបានជម្រាបឯកឧត្តមថា ក្នុងទីក្រុងគីមផូ មានក្រុមហ៊ុ ន-សហគ្រាសផលិត ប្រមាណ ៨ពាន់ក្រុមហ៊ុន និងលោកក៏មានបំណងចង់ឱ្យក្រុមហ៊ុនទាំងនោះ អាចពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ៕




ចែករំលែកព័តមាននេះ