ចាប់ផ្តើមហើយ! ដំណើរចេញទៅស្រុកកំណើតដោយរថយន្តក្រុងជិះឥតគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ «ចាប់ផ្តើមហើយ! យុទ្ធនាការដឹកជញ្ជូនឥតគិតថ្លៃ ៥ថ្ងៃពេញ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅជួបជុំគ្រួសារក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ» ។

ជាក់ស្តែងនេះបើយោងតាមផេកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនាព្រឹកថ្ងៃទី៩ ខែតុលានេះថា ៖ ថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូន អ៊ំពូមីង តាយាយ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ដោយបានចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយ:ការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព ។

តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ឱ្យសាលារដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរយើង ។
ជាមួយនេះ បងប្អូន អ៊ំពូមីង តាយាយ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែកផងដែរ ដែលសេវាកម្មនេះ គឺមានរយ:ពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ។

នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕









ចែករំលែកព័តមាននេះ