ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​គម្រោង ILO-Korea ពង្រឹង​ការ​លើកកម្ពស់​សមត្ថភាព​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ សម្រាប់​គ្រឹះស្ថាន TVET

23 ម៉ោង មុន

ខេត្តព្រះ​សីហ​នុ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ វិទ្យាស្ថាន​ជាតិ​ការងារ និង​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ក្រោម​គម្រោង​ភាព​ជា​ដៃគូ​ រវាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ​និង​សាធារណរដ្ឋ​កូរ៉េ (ILO-Korea Partnership Programme) បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​ការ​លើកកម្ពស់​សមត្ថភាព​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​គ្រឹះស្ថាន TVET” ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦-៨ ខែតុលា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Sea Breeze ខេត្ត​ព្រះ​សីហ​នុ ដោយ​មាន​សិក្ខាកាម​សរុប​ចំនួន ២៨​នាក់​មក​ពី​គ្រឹះស្ថាន TVET ចំនួន​១៤ ក្រោម​អធិបតីភាព លោក លឹ​ម ស៊ុ​យ​ហុង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Hochul Shin ប្រធាន​ទីប្រឹក្សាបច្ចេកទេស នៃ​គម្រោង ILO-Korea​ ។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក លឹ​ម ស៊ុ​យ​ហុង បាន​គូសបញ្ជាក់​ថា សម្រាប់​វិស័យ TVET សុវត្ថិភាព​និង​សុខភាព​ការងារ​ពិតជា​មាន​សារៈសំខាន់ ពីព្រោះ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ អាច​មានការ​អនុវត្ត​ផ្ទាល់​ជាមួយ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី សារធាតុ​គីមី ឧបករណ៍​កាត់ ឧបករណ៍​ផ្សារ ឧបករណ៍​សំណង់ ជា​ពិសេស​នៅ​ពេល​សិស្ស​បញ្ចប់​ការ​សិក្សា​ និង​ចូល​ទៅ​ទីផ្សារ​ការងារ​ ។ ប្រសិនបើ​សិស្ស​មិន​ទទួល​បាន​ចំណេះដឹង​ជា​មុន និង​ការ​អនុវត្ត​ត្រឹមត្រូវ​អំពី​វិធានការ​សុវត្ថិភាព ពួក​គេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ​ក្នុងអំឡុងពេល​ហ្វឹកហាត់ និង​នៅ​ពេល​បំពេញការងារ ​។ ការណ៍​នេះ មិន​ត្រឹមតែ​ជួយ​ការពារ​សិស្ស និង​គ្រូ​នៅ​ក្នុង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​រៀបចំ​សិស្ស​ឱ្យ​មាន​ទម្លាប់ និង​វប្បធម៌​សុវត្ថិភាព​មុន​ពេល​ចូល​បម្រើ​ការងារ​ផង​ដែរ ។

លោក ស៊ុ​យ​ហុង ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន TVET រៀបចំ​ផែនការ​សកម្មភាព​បន្តបន្ទាប់ ​ពី​វគ្គ​បណ្តុះបណ្តាល ដើម្បី​ធានា​ថា​ចំណេះដឹង​ដែល​ទទួល​បាន​មិន​ត្រូវ​បញ្ចប់​ត្រឹម​ក្នុង​បន្ទប់​បណ្តុះបណ្តាល​ទេ​ ។ គ្រឹះស្ថាន​អាច​បន្ត​រៀបចំ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ អនុវត្ត​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ ការ​ត្រួតពិនិត្យ​បរិយាកាស​បណ្តុះបណ្តាល និង​ការ​បញ្ចូល​ខ្លឹមសារ​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​មេរៀន និង​ការ​អនុវត្ត​ជំនាញ​ជា​ប្រចាំ​ ។
 
ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​វិនិយោគ​លើ​ចំណេះដឹង​ ផ្នែក​សុវត្ថិភាព​និង​សុខភាព​ការងារ គឺជា​ការ​វិនិយោគ​យូរអង្វែង​លើ​ធនធានមនុស្ស និង​អនាគត​នៃ​កម្លាំង​ពលកម្ម​ ។ ការ​បង្ការ​គ្រោះថ្នាក់ និង​ជំងឺ​វិជ្ជាជីវៈ មិន​ត្រឹមតែ​ជួយ​ការពារ​ជីវិត និង​សុខភាព​របស់​កម្មករនិយោជិត និង​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើន​ផលិតភាព កាត់​បន្ថយ​ការ​ខាតបង់ និង​បង្កើន​ទំនុកចិត្ត​របស់​និយោជក​និង​អ្នកធ្វើការ​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ លោក Hochul Shin ប្រធាន​ទីប្រឹក្សាបច្ចេកទេស នៃ​គម្រោង ILO-Korea មាន​ប្រសាសន៍​ថា ថ្នាក់ដឹកនាំ​គ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ​ដែល​មក​ចូលរួម​វគ្គ​នឹង​រួមចំណែក​យ៉ាង​សំខាន់ ​លើ​ការ​រៀបចំ​ផែនការ​សកម្មភាព និង​កម្មវិធី​សិក្សា ដើម្បី​បញ្ជ្រាប​វប្បធម៌​សុវត្ថិភាព​ និង​សុខភាព​ការងារ​ទៅ​ដល់​សិស្ស TVET ដោយហេតុ​ថា “​សុវត្ថិភាព​គឺជា​ផ្នែក​មួយ​នៃ​ជំនាញ​វិជ្ជាជីវៈ​” ហើយ​អ្នក​ដែល​មាន​ជំនាញ​ល្អ មិនមែន​គ្រាន់តែ​ធ្វើការ​បាន​លឿន ឬ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ធ្វើការ​ដោយ​មាន​សុវត្ថិភាព ការពារ​ខ្លួនឯង ការពារ​មិត្ត​រួមការ​ងារ និង​ការពារ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ ​៕ អត្ថបទសហការ