ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នប្រយែង! ឥទ្ធិពលព្យុះធំៗ៣ បន្តវា.យប្រហារលើកម្ពុជា បង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី១០ តុលា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឥទ្ធិពល​ព្យុះ​ទាំង៣ បន្ត​បក់​បោក​លើ​តំបន់​សមុទ្រ និង​អាង​ទន្លេមេគង្គ ដោយ​ជះ​ឥទ្ធិពល​មក​លើ​កម្ពុជា បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តាម​តំបន់​វាលទំនាប ខ្ពង់រាប និង​មាត់សមុទ្រ រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា​នេះ ។

ព្យុះសង្ឃរា​ទី​២៨ ឈ្មោះ ណូ​ឡូ (Nolo)T2628 និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា​(Koguma)T2629 រួម​ជាមួយនឹង​ព្យុះ​ទី​២៧ ឈ្មោះ ឆ​យ​វ៉ា​ន​(Choi-wan)T2627 មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​បី​នេះ​ទេ​។

រូបតំណាង

​ស្ថានភាពបែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៦៖
១-​តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០% ។

២-​តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦០% ។

៣-​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០%​។

ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ ៕