ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីឧទ្យានុរក្សចុះល្បាតប្រទះឃើញបទល្មើស​លួច​កា.ប់ដើមស្រល់នៅគិរីរម្យ ខណៈជនល្មើសរត់គេចបាត់ បន្សល់ទុកវត្ថុតាងមួយចំនួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដើម​ស្រល់​មួយ​ដើម​ត្រូវ​បាន​ប្រទះ​ឃើញ ជនខិលខូច​លួច​កាប់ ផ្តួល​រលំ​ពុះ​ជា​ចម្រៀក ក្រោយ​ពី​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ ធ្វើការ​ល្បាត​។

ការ​ប្រទះ​ឃើញ​ជនខិលខូច​លួច​កាប់​ដើម​ស្រល់ ផ្តួល​រលំ​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦​នៅ​ចំណុច​ភ្នំ​ហាមឃាត់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គី​រី​រម្យ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​ជនខិលខូច​លួច​កាប់​ដើម​ស្រល់​ក្នុង​តំបន់​ការពារ គឺ​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ លោក ស្រ៊ុ​ន ប៊ុ​ន​ថា បាន ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ​ចំនួន​៥​នាក់ ចុះ​ធ្វើការ​ល្បាត​ឃ្លាំមើល​បទល្មើស​ផ្សេង​ៗ​។ ហើយ​ក៏​ប្រទះ​ឃើញ មានការ​កាប់ ផ្តួល​រលំ បំផ្លាញ​ព្រៃឈើ​(​អារឈើ​) នៅ​ចំណុច​ភ្នំ​ហាមឃាត់ ត្រង់​និយាម​កា ៣៩៥៩៩៥-១២៥២១៨៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​«​គិរី​រម្យ​»​នៅ​ទីតាំង​ប្រទះ​ឃើញ ឈើ​អារ​ប្រភេទ​លេខ​២ ប្រភេទ​ដើម (​ស្រល់​) មុខកាត់ ០,៤០ គុណ​នឹង​០,៤០ ប្រវែង​៣​ម៉ែត្រ ចំនួន​៤​សន្លឹក រណា​យន្ត​ធុន​ធំ​(០៧០)​ចំនួន​១​គ្រឿង ដែល​ជនខិលខូច​បន្សល់​ទុក​ផង​ដែរ​។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គី​រី​រម្យ បាន​បន្ត​ទៀត​ថា ក្រោយ​ឃើញ​វត្ថុ​តាង និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​រួច​មក មន្ត្រី​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​អ្នក​ដែល​ប្រព្រឹត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​៕​