យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ ពួកឧទ្ទាមហ៊ូធី យេម៉ែន កាលពីថ្ងៃទី៥ តុលា ធ្វើការវាយប្រហារជាច្រើនលើក បណ្ដាទីតាំងនៅអារ៉ាប៊ីសាអូឌីត នាថ្ងៃទី៦ តុលា បន្តវាយប្រហារលើព្រលានយន្តហោះទីក្រុងរីយ៉ាដ ព្រមទាំងព្រលានយន្តក្រុងអាដេនយេម៉ែនទៀតផង ក្នុងពេលកំពុងមានការវាយបករបស់រដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

ពួកហ៊ូធីប្រកាសថា បានវាយប្រហារដោយដ្រូន និងមីស៊ីលបាលីស្ទិក និងម៉ីស៊ីកបណ្ដែត លើព្រលានយន្តហោះអន្តរជាតិក្រុងរីយ៉ាដ និងព្រលានយន្តហោះក្រុងអាដេន ជាទីតាំងរបស់រដ្ឋាភិបាលយេម៉ែន ទទួលស្គាល់ដោយអន្តរជាតិ ។ ពួកហ៊ូធីបានព្រមានចំពោះបណ្ដាក្រុមហ៊ុនអាកាសចរណ៍ថា ដែនអាកាសអារ៉ាប៊ីសាអូឌីត លែងមានសន្តិសុខទៀតហើយ ។ នាថ្ងៃទី៦ តុលា ទីភ្នាក់់ងារព័ត៌មានយេម៉ែន SABA រៀបរាប់ពីការវាយប្រហារដោយដ្រូន និងមីស៊ីល ប្រឆាំងព្រលានយន្តហោះក្រុងអាដេន ប៉ុន្មានម៉ោងក្រោយពីពួកហ៊ូធីបាញ់មីស៊ីលលើទីក្រុងរីយ៉ាដ ដែលអារ៉ាប៊ីសាអូឌីតអះអាងថា បានស្ទាក់កម្ទេច ។
ក្រៅពីព្រលានយន្តហោះក្រុងរីយ៉ាដ ពួកហ៊ូធីក៏វាយប្រហារដែរ រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុនប្រេងARAMCO នៅក្រុងរ៉ាប៊ីស ។ ជាការតបតវិញ ក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែន ប្រកាសពីការវាយប្រហារនានា ប្រឆាំងបណ្ដាទីតាំងយោធារបស់ហ៊ូធីនៅក្រុងកំពង់ផែហូដីដាជាប់សមុទ្រក្រហមកាន់កាប់ដោយហ៊ូធី។ អ្នកនាំពាក្យយោធារបស់ក្រុមចម្រុះនោះអះអាងថា កងកម្លាំងជើងទឹកបានកម្ទេចបណ្ដាឃ្លាំងអាវុធបណ្ដាទីតាំងដាក់នាវារាយអន្ទាក់ និងគ្រាប់មីននិងបំផ្លាញគម្រោងវាយប្រហារ ប្រឆាំងបណ្ដាផ្លូវសមុទ្រនៅភាគខាងត្បូងសមុទ្រក្រហម ។
បន្ទាប់ពីការវាយលុកផ្លេកបន្ទោរមួយ កាលពីខែកញ្ញា ពួកហ៊ូធីអាចដណ្ដើមយកបានពីកងទ័ពរដ្ឋាភិបាលយេម៉ែនគាំទ្រដោយ
អារ៉ាប៊ីសាឌីត បណ្ដាដែនដីតាមឆ្នេរសមុទ្រក្រហមនាភាគខាងលិចយេម៉ែន ។ រួចកាលពីថ្ងៃទី៤ តុលា កងទ័ពរដ្ឋាភិបាលគាំទ្រដោយកងយន្តហោះអារ៉ាប៊ីសាអូឌីត ប្រកាសពីការវាយបកធំមួយនិងអះអាងថា បានវាយប្រហារតាមអាកាសជាង១០០០លើក ព្រមទាំងប្រកាសពីការវាយលុកមួយ ឆ្ពោះទៅកាន់រដ្ឋធានីសាណាត្រួតត្រាដោយពួកហ៊ូធីតាំងពីឆ្នាំ២០១៥មក ៕

ចែករំលែកព័តមាននេះ