សង្គ្រាមអ៊ុយក្រែន ៖ សង្គ្រាមនៅអ៊ុយក្រែនបន្តបង្កើនកាន់តែខ្លាំង តាមរយៈការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដោយប្រើបណ្ដាដ្រូន ។ ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ កាលពីថ្ងៃទី៦ តុលា ថា បានបាញ់ស្ទាក់ទម្លាក់ដ្រូនអ៊ុយក្រែនជិត៩០០គ្រឿងនាពេលយប់ ពីលើតំបន់ជាច្រើនរបស់ប្រទេស ព្រមទាំងពីលើឧបទ្វីបគ្រីមេ និងសមុទ្រអាហ្សូវ ។

កាលពីយប់ថ្ងៃទី៥ មកទី៦ តុលា ទីក្រុងមូស្គូ ជាគោលដៅវាយប្រហារដោយហ្វូងដ្រូនអ៊ុយក្រែនដ៏ច្រើន ដល់៦៥០គ្រឿងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់នៅជាយក្រុងនោះ ។ ក្នុងចំណោមដ្រូនដែលបញ្ជូ្ជនទៅនោះ១៨៥គ្រឿងត្រូវបាញ់ទម្លាក់ពីលើតំបន់ក្រុងមូស្គូ ។ ការវាយប្រហារដោយហ្វូងដ្រូនអ៊ុយក្រែនលើតំបន់ក្រុងមូស្គូបណ្ដាលឲ្យឆេះទីតាំងស្តុកប្រេងដ៏ធំមួយនាំឲ្យមនុស្សស្លាប់២នាក់ ។
អភិបាលក្រុងមូស្គូ លោកស័រហ្គេយសូប៊ីយ៉ានីន គូសបញ្ជាក់ថា ដ្រូនអ៊ុយក្រែន៦៥០គ្រឿង ហោះសំដៅតំបន់ក្រុងមូស្គូ រវាងយប់ថ្ងៃទី៥ មកព្រឹកថ្ងៃទី៦ តុលា ។ ក្នុងចំណោមដ្រូនទាំងនេះ ភាគច្រើនត្រូវបានកម្ទេចឆ្ងាយពីទីក្រុង ហើយ១០៥គ្រឿងត្រូវបាញ់ទម្លាក់ពេលហោះមកដល់ក្បែរក្រុង ។ បន្ទាប់មក លោកអះអាងទៀតថា ដ្រូន៦៨គ្រឿងទៀត ដែលបញ្ជូនមកវាយប្រហារក្រុងមូស្គូ ត្រូវបាញ់ទម្លាក់ នាព្រឹកថ្ងៃទី៦ តុលា ។

អ៊ុយក្រែនជាទៀងទាត់ បានបង្កើនការវាយប្រហារលើបណ្ដារោងច្រកចម្រាញ់ប្រេងកាតរុស្ស៊ី ព្រមទាំងបណ្ដាឃ្លាំងស្តុករបស់
សត្រូវ ដោយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រទេសនេះអះអាងថា ការវាយប្រហាររបស់ខ្លួនបានកាត់បន្ថយដល់៥១% សមត្ថភាពចម្រាញ់ប្រេងកាតរុស្ស៊ី ។ ការអះអាងនោះមិនមែនការបញ្ជាក់ដោយឯករាជ្យណាមួយឡើយ។ ទោះបីយ៉ាងណាកាលពីសប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែន បណ្ដាលឲ្យបាត់បង់ដល់១%នៃផលទុនជាតិសរុបរបស់ប្រទេសលោក ។
ពិតណាស់រុស្ស៊ីជាអ្នកចម្រាញ់ប្រេងកាតធំទី៣លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ។ ក្រុងមូស្គូទើបហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត មកពីការវាយប្រហាររបស់អ៊ុយក្រែន នាំឲ្យតម្លៃប្រេងពិភពលោកឡើងខ្ពស់ ។ បែបនេះហើយ បានជាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីខែមុនស្នើដល់អ៊ុយក្រែន ឲ្យបញ្ឈប់ការវាយប្រហារលើបណ្ដារោងចក្រចម្រាញ់ប្រេងកាតរុស្ស៊ី ។
រុស្ស៊ីពេលនេះ ក៏កំពុងបង្កើនការវាយប្រហារលើអ៊ុយក្រែន ។ មនុស្សយ៉ាងតិច៥នាក់ស្លាប់ កាលពីថ្ងៃទី៥ តុលា ក្នុងការវាយប្រហារដោយគ្រាប់បែកអាកាសបញ្ជារបស់រុស្ស៊ីលើក្រុងខាគៀវ ជាទីក្រុងធំទី២របស់អ៊ុយក្រែន។ ក្រៅពីអ្នកស្លាប់មនុស្ស៣០នាក់ទៀតរងរបួស។ មុននេះរុស្ស៊ីបានវាយប្រហារផ្ដាច់ស្ពានសំខាន់២ នៃក្រុងគៀវកាត់់ទន្លេDIEPR នាំឲ្យក្រុងគៀវត្រូវស្ទះ។

បន្ទាប់ពីវាយប្រហារប៉ុន្មានថ្ងៃលើបណ្ដាស្ពាននៅក្រុងគៀវ រុស្ស៊ីបានវាយប្រហារស្ពានមួយទៀតក្នុងចំណោមស្ពានកាត់ទន្លេឌីនីប្រូ ក្នុងទីក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា ។ ចរាចរណ៍លើស្ពាននោះ បានត្រូវផ្អាកបណ្ដោះអាសន្នក្រោយការវាយប្រហាររបស់ក្រុងមូស្គូ។ ការវាយប្រហាររបស់រុស្ស៊ីលើក្រុងហ្សាប៉ូរីហ្ស៊ីយ៉ានាពេលយប់ ត្រូវចំអគារស្នាក់នៅមួយ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស។ រួចការវាយប្រហារនាពេលថ្ងៃលើក្រុងនេះដែរបណ្ដាល ឲ្យមានភ្លើងឆេះយ៉ាងខ្លាំង។ កងទ័ពរុស្ស៊ីក៏ប៉ុនប៉ងផងដែរ រាំងខ្ទប់ចរាចរណ៍តាមសមុទ្រ សម្រាប់បណ្ដាកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបណ្ដាលឲ្យក្រុងគៀវបាត់បង់ចំណូលសំខាន់មកពីការនាំចេញគ្រាប់ធញ្ញជាតិ។
ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា កងទ័ពខ្លួនបានវាយប្រហារនាពេលយប់ ដោយដ្រូនបណ្ដាគោលដៅស្ថិតក្នុងតំបន់ក្រុងកំពង់ផែអូដេសាជាប់សមុទ្រខ្មៅ។ ឃ្លាំងស្តុកគ្រាប់រំសេវមួយ ព្រមទាំងនាវាដឹកទំនិញមួយក៏រងការវាយប្រហារនៅកំពង់ផែTCHERNOMORSK ហើយបណ្ដាហេដ្ឋារចនាសម្ព័ន្ថកំពង់ផែIZMAIL ក៏រងការវាយប្រហារដែរ ៕

ចែករំលែកព័តមាននេះ