ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុ​ប្រធានា​ធិបតី​អាមេរិក​ថ្លែង​​ថា​អ៊ីរ៉ង់​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចម្រាញ់​វិទ្យុ​សកម្ម​បើ​ចង់​បញ្ចប់​សង្គ្រាម

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អនុ​ប្រធានា​ធិបតី​អាមេរិក​ លោក​ជេឌី​វេន ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ផ្ដាច់​មុខ​ជា​មួយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ថា​អ៊ីរ៉ង់​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​ឱ្យ​បាន​ច្រើន​ដើម្បី​ធានា​ថា​ខ្លួន​មិន​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ លុះ​ត្រា​តែ​ធ្វើ​បែប​នេះ​ទើប​អាមេរិក​ស្ងប់​ចិត្ត​ ហើយ​យល់​ព្រម​បិទ​បញ្ចប់​សង្គ្រាម​។ រហូត​មក​ដល់​ពេល​នេះ អាមេរិក​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​ថា​តើ​ទី​ក្រុង​តេ​អេ​រ៉ង់​នឹង​ ​សម្រេច​ចិត្ត​បែប​ណា​នៅ​ក្នុង​ការ​ចរ​ចា​។

លោក​ជេ​ឌី​វេន​ជា​អ្នក​មាន​មតិ​សង្ស័យ​ច្រើន​អំពី​ការ​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នៅ​បរទេស។​​ លោក​ដើរ​តួ​នាទី​​ជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ការ​​ចរ​ចា​ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ចប់​​ជម្លោះ​។ លោក​ធ្លាប់​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​មិថុនា​។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នោះ​មាន​ជីវិត​រស់​នៅ​មិន​យូរ​ប៉ុន្មាន​ក៏​បរាជ័យ​ទៅ​វិញ​។ សង្គ្រាម​នេះ​ធ្វើ​ឱ្យ​ទី​ផ្សារ​ថាម​ពល​មាន​បញ្ហា​ធ្ងន់​ធ្ងរ ហើយ​ក្លាយ​ជា​បន្ទុក​នយោ​បាយ​មួយ​សម្រាប់​លោក​ដូណាល់​ត្រាំ​ និង​ក្រុម​គណ​បក្ស​សា​ធារណ​រដ្ឋ​របស់​លោក​​មុន​ការ​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​។​

លោក​វេន​ថ្លែង​ថា​ប្រសិន​បើ​ចង់​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​លុះ​ត្រា​តែ​អ៊ីរ៉ង់​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ថា​ខ្លួន​នឹង​មិន​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​។ ពោល​គឺ​ការ​មិន​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​មាន​កម្រិត​ខ្ពស់​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ចំណុច​មូល​ដ្ឋាន​ដំបូង​បំផុត​ដែល​ត្រូវ​ដោះ​ស្រាយ​។ អ៊ីរ៉ង់ និង​អាមេរិក​បាន​ប្រគល់​សំណើ​សន្តិ​ភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ដើម្បី​​បញ្ចប់​សង្គ្រាម និង​​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។

លោក​ត្រាំ​បដិ​សេធ​របាយ​ការណ៍​ដែល​ថា​លោក​សុខ​ចិត្ត​ធ្វើ​សម្ប​ទាន​សម្រាប់​អ៊ីរ៉ង់​ដូច​ជា​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច និង​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​។ លោក​ថា​របាយ​ការណ៍​នេះ​មិន​ពិត​ទេ​។ លោក​ថែម​ទាំង​ព្រមាន​ថា​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​រួច លោក​អាច​នឹង​បង្កើន​ប្រតិ​បត្តិ​ការ​សឹក​កាន់​​តែ​ខ្លាំង​ប្រឆាំង​នឹង​អ៊ីរ៉ង់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ជេ​ឌី​វេន​អះ​អាង​ថា​រដ្ឋា​ភិ​បាល​របស់​លោក​បើក​ចំហ​ជា​និច្ច​សម្រាប់​ការ​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ចង់​ឱ្យ​អ៊ីរ៉ង់​ប្រកាន់​ជំហរ​ឱ្យ​បាន​ប្រាកដ​ប្រជា​នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ យើង​មិន​ចង់​ស្ដាប់​ឮ​ពាក្យ​សម្ដី​ដែល​និយាយ​តែ​មាត់​ទទេ​នោះ​ទេ​ យើង​ចង់​ឃើញ​ការ​អនុ​វត្ត​ជាក់​ស្ដែង​​៕ ប្រភព៖ Reuters