កម្ពុជារងឥទ្ធិពលព្យុះធំៗ៣ក្នុងពេលតែមួយ ! ក្រសួងធនធានទឹកព្រមានពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនត្រូវបានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពុជាកំពុងរងការវាយប្រហារដោយប្រយោលពីឥទ្ធិពលព្យុះសង្ឃរាធំៗរហូតដល់ទៅ ៣ ទន្ទឹមគ្នា ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី៧ ខែតុលានេះថា ៖ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ(Nolo)T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា(Koguma)T2629 រួមជាមួយនឹងព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយព្យមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។ ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ