ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​រិះ​គន់​អាមេរិក​លក់​អា.វុ.ធ​ឱ្យ​តៃវ៉ាន់ និង​ប្រកាស​បន្ត​​​គាំ​ទ្រ​រុស្ស៊ី​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន

2 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​រិះ​គន់​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​លក់​អាវុធទៅ​ឱ្យ​តៃវ៉ាន់​ និង​ការ​បន្ត​​ជួយ​ជ្រោម​ជ្រែង​កោះ​នេះ​​ផ្នែក​យោធា​។ កូរ៉េ​ខាង​ជើង​ចោទ​ប្រកាន់​ថា​ទី​ក្រុង​វ៉ាស៊ីនតោន​កំពុង​តែ​ចាក់​សាំង​ស្រោច​ពី​លើ​ភាព​តាន​តឹង​ដែល​កំពុង​មាន​ស្រាប់​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) នៅ​ថ្ងៃ​នេះ​។ ទូរទស្សន៍​នេះ​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​គីម​ម្យុង​ឆូល (Kim Myong Chol) ជា​អ្នក​វិភាគ​អំពី​កិច្ច​ការ​បរទេស​របស់​កូរ៉េ​ខាង​ជើង​។ លោក​ថ្លែង​ថា​នយោបាយ​របស់​អាមេរិក​នៅ​ក្នុង​បញ្ហា​កោះ​តៃវ៉ាន់​ជា​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។

បទ​វិចារណ​កថា​នោះ​​ប្រកាស​ថ្កោល​ទោស​ការ​បង្ហាញ​វត្ត​មាន​របស់​យន្ត​ហោះ​ចម្បាំង​ដែល​អាមេរិក​លក់​ទៅ​ឱ្យ​តៃវ៉ាន់​។ អាមេរិក​គួរ​តែ​គិត​គូរ​ពិចាណា​ឱ្យ​បាន​ល្អិត​ល្អន់​ថា​តើ​ខ្លួន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​ដ៏​មាន​ឥទ្ធិ​ពល​ដូច​ជា​សា​ធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ដើម្បី​ការ​ពារ​កោះ​តៃវ៉ាន់ និង​ថា​តើ​ខ្លួន​អាច​ដោះ​ស្រាយ​បាន​ទេ​នូវ​ផល​វិបាក​ដែល​នឹង​កើត​មាន​នា​ពេល​ខាង​មុខ​។ សុន្ទរ​កថា​របស់​កូរ៉េ​ខាង​ជើង​ធ្វើ​ឡើង​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​ម៉ាក​ F-16 ដែល​តៃវ៉ាន់​កុម្ម៉ង់​ទិញ​ពី​អា​មេរិក​តាំង​ពី​ឆ្នាំ​២០១៩​ចាប់​ផ្ដើម​បញ្ជូន​ទៅ​ដល់​កោះ​នេះ​កាល​ពី​សប្ដាហ៍​មុន​។

តៃវ៉ាន់​កុម្ម៉ង់​ទិញ​យន្ត​ហោះ​នេះ​ចំនួន​៦៦​គ្រឿង​ ប៉ុន្តែ​ទើប​តែ​បញ្ជូន​ទៅ​បាន​ប៉ុន្មាន​គ្រឿ​ងប៉ុណ្ណោះ​។ ការ​បញ្ជូន​យន្ត​ហោះ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ ទន្ទឹម​នឹង​នោះ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន សន្យា​ជួយ​ជ្រោម​ជ្រែង​ប្រទេស​រុស្ស៊ី​ជា​បន្ត​ទៀត​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយ​ក្រែន​។ លោក​សន្យា​ដូច​នេះ​នៅ​ក្នុង​លិខិត​ជូន​ពរ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ពូទីន​នៅ​ក្នុង​​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់​លោក​ ហើយ​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ដដែល​។

លោក​គីម​សរ​សេរ​រៀប​រាប់​ថា​ទី​ក្រុង​ព្យុង​យ៉ាង​នឹង​បន្ត​សហ​ការ​គ្នា​ជា​មួយ​រុស្ស៊ី​នៅ​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​។ លោក​ជឿ​ជាក់​ថា​​ «សង្គ្រាម​ពលី​ដើម្បី​យុត្តិធម៌​» ដែល​រុស្ស៊ី​កំពុង​តែ​ធ្វើ​ដើម្បី​​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​ ផល​ប្រយោជន៍​ជាតិ​ និង​បូរ​ណ​ភាព​ទឹក​ដី​នឹង​បញ្ចប់​ទៅ​ដោយ​ជ័យ​ជម្នះ​ធ្លាក់​ទៅ​ខាង​រុស្ស៊ី​ជា​មិន​ខាន​។ ​នៅ​ក្នុង​លិខិត​នោះ លោក​គីម​មិន​បាន​និយាយ​ចំ​ៗ​អំពី​សង្គ្រាម​អ៊ុយ​ក្រែន​ទេ​។ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព​ចន្លោះ​ពី​១៤០០០​ទៅ​១៥០០០​នាក់​ទៅ​រុស្ស៊ី​ដើម្បី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ចាប់​តាំង​ពី​ឆ្នាំ​២០២៤​។ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​អ៊ុយ​ក្រែន និង​កូរ៉េ​ខាង​ត្បូង​។ ចាប់​តាំង​ពី​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​លោក​គីម​ និង​លោក​ពូទីន ប្រទេស​ទាំង​២​ចាប់​ផ្ដើម​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ឡើង​ៗ​៕ ប្រភព៖ Reuters