ទីក្រុងប៉ារីស៖ ក្រុមបាតុករបន្តការតវ៉ានៅប្រទេសបារាំង។ គ្រូបង្រៀន និងឪពុកម្ដាយរបស់សិស្សបានចេញតវ៉ានៅតាមដងផ្លូវជាមួយកូនសិស្សនៅក្នុងទ្រង់ទ្រាយធំបំផុត។ នាយករដ្ឋមន្ត្រីបារាំង លោកសឺបាស្ទាន ឡឺគ័រនូ ចាត់ទុកថាជាចលនាបាតុកម្មដ៏ហិង្សាបំផុតរបស់សិស្សនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ នគរបាលបានបាញ់ឧស្ម័នចេញទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលប្រើប្រាស់អំពើហិង្សានៅទីក្រុងប៉ារីស ស្ត្រាស់បួ រ៉ែន និងទូលូ នៅក្នុងចំណោមទីក្រុងដទៃទៀត។

មនុស្សជាង២,៥សែននាក់ចូលរួមតវ៉ានៅក្នុងទីក្រុងរាប់សិបកន្លែង។ នេះបើយោងតាមក្រសួងមហាផ្ទៃ។ ប៉ុន្តែអ្នករៀបចំការតវ៉ាអះអាងថាអ្នកតវ៉ាមានរហូតដល់៤,៥សែននាក់។ ការតវ៉ាលើកនេះបង្ហាញអំពីកំហឹងរបស់សាធារណជន ខណៈដែលការគាំទ្រចំពោះគណបក្សប្រជានិយមខាងឆ្វេង និងខាងស្ដាំចាប់ផ្ដើមទទួលការគាំទ្រកាន់តែច្រើនមុនការបោះឆ្នោតប្រធានាធិបតីនារដូវផ្ការីកខាងមុខនេះ។ រដ្ឋាភិបាលកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាបំណុលសាធារណៈនៅពេលកំណើនសេដ្ឋកិច្ចកំពុងចុះខ្សោយ និងកំពុងពិបាកដោះស្រាយបញ្ហាជាមូលដ្ឋានដូចជាការអនុម័តថវិកាជាតិជាដើមចាប់តាំងពីគណបក្សរបស់លោកម៉ាក្រុង និងគណបក្សសម្ព័ន្ធភាពមិនមានសំឡេងឆ្នោតភាគច្រើនដាច់ខាតនៅក្នុងសភា។

លោកឡឺគ័រនូថ្លែងប្រាប់រដ្ឋសភាថាចាប់តាំងពីផ្ទុះការតវ៉ារហូតដល់មានអំពើហិង្សា យុវជន២១៥នាក់ និងបុគ្គលិកបម្រើការនៅតាមសាលារៀន៨៥នាក់រងរបួស។ ខុទ្ទកាល័យរបស់លោកថ្លែងថានគរបាលជាង៧០០នាក់ក៏រងរបួសផងដែរ។ លោកម៉ាក្រុងបានកោះហៅលោកឡឺគ័រនូ និងរដ្ឋមន្ត្រីជាន់ខ្ពស់ដទៃទៀតដើម្បីចូលរួមប្រជុំបន្ទាន់។ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាចលនាតវ៉ានេះគឺជាភស្តុតាងបង្ហាញពីការមិនអាចគ្រប់គ្រងជនអន្តោប្រវេសន៍នៅប្រទេសបារាំង។ លោកថាបញ្ហានេះមិនពាក់ព័ន្ធនឹងសាលារៀនទេ ប៉ុន្តែពាក់ព័ន្ធនឹងសាសនាឥស្លាមដែលចង់គ្រប់គ្រងប្រទេសដែលលោកចាត់ទុកថាធ្លាប់ជាមហាប្រទេស។

មែនទែនទៅ ការតវ៉ារបស់សិស្សលើកនេះមិពាក់ព័ន្ធនឹងសាសនា ឬអន្តោប្រវេសន៍ទេ។ ប៉ុន្តែពួកគេតវ៉ាអំពីករណីដែលនៅតាមសាលារៀនខ្វះគ្រូបង្រៀន និងខ្វះមូលនិធិសម្រាប់ទ្រទ្រង់សាលារៀន។ នៅទីក្រុងម៉ាកសី និងណង់ ក្រុមអ្នកតវ៉ាសរសេរនៅលើបដានូវពាក្យថា «រដ្ឋបានសម្លាប់វិស័យអប់រំរបស់ជាតិ»។ នៅទូលូ ឪពុកម្ដាយរបស់សិស្សក៏ចូលរួមហែបាតុកម្មផងដែរពាសពេញទីក្រុងនេះ។ ការតវ៉ារបស់សិស្សចាប់ផ្ដើមដំបូងតាំងពីខែកញ្ញា។ មុនដំបូង ការតវ៉ាចាប់ផ្ដើមនៅជាយទីក្រុងប៉ារីស បន្ទាប់មក ក៏រីករាលដាលទូទាំងប្រទេស។ សិស្សតវ៉ាថានៅតាមសាលារៀនប្រឈមនឹងបញ្ហាជាមូលដ្ឋានដូចជាបញ្ហាលិចទឹក និងបញ្ហាសត្វកណ្ដុររាតត្បាតនៅតាមសាលា។ អ្នកខ្លះត្អូញត្អែរអំពីករណីចង្អៀតណែននៅតាមសាលារៀនដោយសារដាក់សិស្សច្រើនពេកនៅក្នុងមួយថ្នាក់ៗ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ