ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមបង្ក្រាបករណីប្រើសារធាតុហាមឃាត់បង្កើនសាច់ជ្រូករាប់ពាន់តោន ប៉ះពាល់អ្នកប្រើប្រាស់

2 ថ្ងៃ មុន

ប្រទេសវៀតណាម៖ អាជ្ញាធរវៀតណាមបានបង្ក្រាបករណីប្រើសារធាតុហាមឃាត់ Salbutamol ក្នុងការចិញ្ចឹមជ្រូក ដើម្បីបង្កើនទម្ងន់ និងធ្វើឱ្យសាច់មើលទៅរឹងស្អាត មុននាំទៅលក់នៅលើទីផ្សារ។ ករណីនេះពាក់ព័ន្ធនឹងសាច់ជ្រូករាប់ពាន់តោនដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

តាមការស៊ើបអង្កេត ប៉ូលិសសេដ្ឋកិច្ចទីក្រុងហូជីមិញបានចាប់ខ្លួន និងឃាត់ខ្លួនមនុស្ស ៩នាក់ ដើម្បីស៊ើបអង្កេតបទល្មើសពាក់ព័ន្ធសុវត្ថិភាពអាហារ ការជួញដូរទំនិញហាមឃាត់ និងការផ្តល់-ទទួលសំណូក។ ក្រុមនេះបានទិញជ្រូកមានទម្ងន់ប្រមាណ ១០០-១១០គីឡូក្រាម យកទៅចិញ្ចឹមបន្ថែម និងលាយ Salbutamol ក្នុងចំណី ដើម្បីឱ្យទម្ងន់កើនដល់ប្រមាណ ១៣០-១៤០គីឡូក្រាម។

អាជ្ញាធរបានព្រមានថា សាច់ពីជ្រូកដែលប្រើសារធាតុហាមឃាត់ទាំងនេះ អាចត្រូវបាននាំទៅប្រើប្រាស់នៅតាមគ្រួសារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងចម្អិនអាហារផ្សេងៗ។ ប្រភពក៏បានបញ្ជាក់ថា មានមន្ត្រីត្រួតពិនិត្យសត្វមួយចំនួនត្រូវបានសង្ស័យថាជួយសម្រួលឱ្យជ្រូកដែលមានសារធាតុហាមឃាត់អាចចូលទីផ្សារ។

អ្នកជំនាញបានពន្យល់ថា Salbutamol មិនបានបង្កើតសាច់សុទ្ធដោយផ្ទាល់ទេ ប៉ុន្តែអាចធ្វើឱ្យសាច់មើលទៅរឹង និងមានពណ៌ស្រស់ ដែលអាចធ្វើឱ្យអ្នកទិញច្រឡំ។ សំណល់សារធាតុនេះអាចនៅសល់ក្នុងសាច់ ទោះបីបានចម្អិនរួចក៏ដោយ ដូច្នេះការប្រើប្រាស់សាច់ដែលមានសារធាតុនេះនៅសល់ ត្រូវបានចាត់ទុកថាមានហានិភ័យចំពោះសុវត្ថិភាពអ្នកប្រើប្រាស់៕