ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ូធីវាយប្រហារក្រុងរីយ៉ាដ និងរោងចក្រប្រេងអារ៉ាប់ប៊ីសាអូឌីត ខណៈតួកគីនិងប៉ាគីស្ថានបញ្ជូនកងទ័ពជួយសង្គ្រោះ

2 ថ្ងៃ មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​កាលពី​ថ្ងៃ​ទី​៥ ​តុលា បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​លើក​បណ្ដា​ទីតាំង​នៅ​
អា​រ៉ា​ប៊ី​សា​អូឌីត​។ ជា​ការ​ឆ្លើយ​តប​វិញ​តួ​ក​គី​ និង​ប៉ា​គី​ស្ថាន​ជា​សម្ព័ន្ធភាព​ត្រីភាគី​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រកាស​ពី​ការ​បញ្ជូន​កងកម្លាំង​យោធា​ទៅ​ជួយ​ក្រុង​រី​យ៉ា​ដ ​។

ពួក​ហ៊ូ​ធី​ប្រកាស​ថា បាន​វាយប្រហារ​នា​ថ្ងៃ​ទី​៥​ តុលា ទីតាំង​ជា​ច្រើន​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​ដ្រូ​ន មី​ស៊ី​ល​បាលី​ស្ទិ​ក ​និង​
មី​ស៊ី​ល​បណ្ដែត ដោយ​ក្នុង​ចំណោម​ទីតាំង​វាយប្រហារ​ទាំងនេះ​ មាន​ជា​ពិសេស ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​រី​យ៉ា​ដ និង​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​របស់​ក្រុមហ៊ុន​ប្រេង ​ARAMCO នៅ​ក្រុង​រ៉ា​ប៊ី​ស​។ អ្នកនាំពាក្យ​យោធា​របស់​ហ៊ូ​ធី​ក៏​រៀបរាប់​ដែរ​ពី​ការ​វាយ​ប្រហារ បណ្ដា​ទីតាំង​យោធា​និង​បណ្ដា​ព្រ​លាន​យន្តហោះ​នៅ​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត​។ នា​វេលា​ល្ងាច​ថ្ងៃ​ទី​៥​ តុលា​ ស្នូរ​ផ្ទុះ​នានា បាន​លាន់ឮ​នៅ​ក្រុង​រី​យ៉ា​ដ ​។

ជា​ការ​តបត​វិញ​ ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែ​ន ប្រកាស​ពី​ការ​វាយប្រហារ​នានា​ប្រឆាំង​បណ្ដា​ទីតាំង​យោធា​របស់​ហ៊ូ​ធី​ នៅ​ក្រុង​កំពង់​ផែ​ហូ​ដី​ដា​ ជាប់​សមុទ្រ​ក្រហម​កាន់កាប់​ដោយ​ហូធី​ ។ អ្នកនាំពាក្យ​យោធា​របស់​ក្រុមចម្រុះ​នោះ​អះអាង​ថា កងកម្លាំង​ជើង​ទឹក បាន​កម្ទេច​បណ្ដា​ឃ្លាំង​អាវុធ​បណ្ដា​ទីតាំង​ដាក់​បណ្ដា​នាវា ​ដែល​រាយ​អន្ទាក់ ​និង​រាយ​គ្រាប់​មីន​និង​បំផ្លាញ​គម្រោង​វាយប្រហារ ប្រឆាំង​បណ្ដា​ផ្លូវ​សមុទ្រ​នៅ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ក្រហម​ ។

បន្ទាប់​ពី​ការ​វាយ​បលុក​ផ្លេកបន្ទោរ​មួយ​កាលពី​ខែកញ្ញា ពួក​ហ៊ូ​ធី​អាច​ដណ្ដើម​យក​បាន​ពី​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​ឌី​ត បណ្ដា​ដែនដី​តាម​ឆ្នេរសមុទ្រ​ក្រហម​នា​ភាគ​ខាងលិច​យេ​ម៉ែ​ន ​។ រួច​កាលពី​ថ្ងៃ​ទី​៤ ​តុលា កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​កង​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​ពី​ការ​វាយបក​ធំ​មួយ​និង​អះអាង​ថា បាន​វាយប្រហារ​តាម​អាកាស​ជាង​១០០០​លើក ព្រមទាំង​ប្រកាស​ពី​ការ​វាយលុក​មួយ ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​សា​ណា​ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី​តាំងពី​ឆ្នាំ​២០១៥​មក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ ប្រធានាធិបតី​យេ​ម៉ែ​ន លោក​រ៉ា​ឆា​ដ​អាល់​អា​លី​មី ប្រកាស​នា​ពេល​មុន​នេះ ពី​ការ​បើក​ប្រតិបត្តិការ​យោធា​ធំ​មួយ សំដៅ​ដណ្ដើម​មក​វិញ​បណ្ដា​ដែនដី​នៃ​សាធារណរដ្ឋ ហើយ​ពង្រីក​អាជ្ញាធរ​រដ្ឋ​ និង​បណ្ដា​ស្ថាប័ន​របស់​ខ្លួន​នៅ​ទូ​ទាំង​ដែនដី​ជាតិ​ឡើង​វិញ​។

ការ​ប្រកាស​ពី​ការ​វាយលុក​នេះ​ បណ្ដា​អ្នក​សង្កេតការណ៍​យល់​ថា គេ​មិនឃើញ​ចំណុចខ្លាំង​ថា ​តើ​ប្រធានាធិបតី​យេ​ម៉ែ​ន​បច្ចុប្បន្ន អាច​ធ្វើការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ពេល​នេះ​ ទៅ​តាម​របៀប​ណា​ឡើយ ក្នុង​ពេល​អ្នក​ជួយ​ទ្រទ្រង់​គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​​ខ្លួនឯង ក៏​ពិតជា​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ស្រាប់ និង​កំពុង​ប្រឈម​មុខជា​មួយ​ការ​វាយប្រហារ​ពី​សំណាក់​ពួក​ហ៊ូ​ធី អំពាវនាវ​រក​អ្នក​ជួយ​ដែរ​ ។ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​រី​យ៉ា​ដ អា​រ៉ា​ប៊ី​សា​អូឌីត តួ​ក​គី​និង​ប៉ា​គី​ស្ថាន​ដែល​ទើប​បង្កើត​ជាមួយ​គ្នា​នូវ​សម្ព័ន្ធភាព​ការពារ​មួយ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ចុះហត្ថលេខា​កាលពី​ខែសីហា​នៅ​ក្រុង​ឡា​ម៉ិ​ក​ ។ តួ​ក​គី​និង​ប៉ា​គី​ស្ថាន បាន​សម្រេច​ចាត់​បណ្ដា​វិធានការ​ចាំបាច់ សម្រាប់​ផ្ដល់​កម្លាំងយោធា​និង​សម្ភារ​យោធា ព្រមទាំង​ដាក់​ពង្រាយ​ដោយ​ឆាប់រហ័ស​កងកម្លាំង​ជំនួយ​នោះ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ​។

​

កាលពី​ថ្ងៃ​ទី​៤ ​តុលា​ ពួក​ហ៊ូ​ធី​វាយ​កាត់​ផ្ដាច់់​ផ្លូវថ្នល់​គន្លឹះ​មួយ ដែល​ភ្ជាប់​ក្រុង​ធំ​ទី​៣​តា​អេស​ភាគ​និរតី​យេ​ម៉ែ​ន ទៅ​ក្រុង​អា​ដេ​ន​ដែល​ជា​រដ្ឋធានី​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​អន្តរជាតិ​ ។ ការ​បិទផ្លូវ​ថ្នល់​នោះ​រារាំង​រដ្ឋាភិបាល​ក្នុង​កា​រប​ញ្ជូន​ភស្ដុ​ភារ ​និង​កងកម្លាំង​ជំនួយ​ទៅ​កាន់​ក្រុង​តា​អេស ដែល​ភាគច្រើន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ខ្លួន​ ។ ​ ការ​ប្រយុទ្ធ​គ្នា​នៅ​យេ​ម៉ែ​ន​មាន​ភាព​ខ្លាំងក្លា​នៅ​គ្រប់​រណសិរ្ស ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ទាំង​នៅ​ដែនដី​វាលរាប​ទាំង​នៅ​តំបន់​ខ្ពង់រាប​គឹ​តំបន់​ភ្នំ​និង​បណ្ដា​តំបន់់ឆ្នេរ​សមុទ្រ​ដែល​ពួក​ហ៊ូ​ធី​ ទើប​ដណ្ដើម​យក​បាន​នា​ពេល​ថ្មី​ៗ​នេះ ​។ ការ​ប្រយុទ្ធ​គ្នា​ថ្មី​ចាប់ពី​ខែកញ្ញា​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់ ​៕