ក្រុមការងារចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់រ៉ាមសារស្ទឹងត្រែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោក ផេង នីតា ប្រធានស្នាក់ការកោះឫស្សី បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ៣នាក់ សហការជាមួយសហគមន៍នេសាទកោះព្នៅ ចំនួន ១នាក់ និងប្រជាសហគមន៍ក្រឡាពាសចំនួន៣នាក់ ចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបទល្មើសផ្សេងៗ ក្នុងតំបន់រ៉ាមសារស្ទឹងត្រែង។
ក្នុងប្រតិបត្តិការល្បាត ក្រុមការងារបានធ្វើដំណើរពីទីស្នាក់ការតំបន់រ៉ាមសារស្ទឹងត្រែង ឆ្ពោះទៅតំបន់អូរតាឡា តាមនិយាមការ 601786-1524622 ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជាលទ្ធផល ក្រុមការងារបានប្រទះឃើញ ដាយដាក់កាត់ទទឹងអូរ ចំនួន ៦ដាយ ដែលក្នុងមួយដៃមានមុខកាត់ប្រវែង ៤ម៉ែត្រ និងបណ្ដោយ ៧ម៉ែត្រ។ សរុបវត្ថុតាងទាំងអស់មានមុខកាត់ប្រមាណ ២៤ម៉ែត្រ និងប្រវែងសរុប ១៤៤ម៉ែត្រ។
បន្ទាប់ពីរកឃើញ ក្រុមការងារបានប្រមូលយកវត្ថុតាងទាំងនោះ មករក្សាទុកនៅទីស្នាក់ការតំបន់រ៉ាមសារស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។
បើទោះបីខេត្តស្ទឹងត្រែងបានកំណត់ថា ចាប់ពីថ្ងៃទី១ក្នុងខែតុលា ជារដូវបើកនេសាទក្តី ប្រជានេសាទទាំងអស់ដែលប្រកបរបរនេសាទ ត្រូវតែគោរពតាមលក្ខខណ្ឌដែលច្បាប់បានកំណត់និងត្រូវចៀសវាងលើការប្រើប្រាស់គ្រឿងឧបករណ៍នេសាទដែលផ្ទុយពីច្បាប់បានហាមឃាត់ជាដាច់ខាត។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការចុះល្បាតជាប្រចាំ ក្នុងគោលបំណងការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើសនេសាទនិងបទល្មើសពាក់ព័ន្ធនានា នៅក្នុងតំបន់រ៉ាមសារស្ទឹងត្រែង ៕






ចែករំលែកព័តមាននេះ