ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ចំ​ឡាន​ក្រុង​ចំនួន១១៥គ្រឿង បម្រើ​សេវាដឹក​ជញ្ជូនឥត​គិត​ថ្លៃ៥ថ្ងៃ

3 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត បាន​ត្រៀមរថយន្ដក្រុង​ចំនួន​១១៥​គ្រឿង សម្រាប់​ផ្ដល់​សេវា​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​ខេត្តសៀមរាប ទៅ​កាន់​រាជធានី​ភ្នំពេញ​ដោយ​ឥត​គិតថ្លៃ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

មន្ត្រី​រដ្ឋបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោម​ការ​យកចិត្ដទុកដាក់​ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់​កាស​លើ​ការ​ធ្វើ​ដំណើរទៅ​ស្រុក​កំណើត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ  រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​រថយន្ដក្រុង​ចំនួន​១១៥​គ្រឿង សម្រាប់​ដឹក​បងប្អូន​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ដល់ទី​១៣ ខែតុលា ឆ្នាំ​២០២៦ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សា ធារណ​:​រថយន្ដ​ក្រុង​((City Bus) ត្រៀម​រថយន្តក្រុង​ចំនួន​១១៥​គ្រឿង ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ពី​សៀមរាប​ត្រឡប់​មក​ភ្នំពេញ​វិញ តាម​ទីតាំង និង​ម៉ោង​កំណត់ ។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​សៀមរាបចេញដំណើរ​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ចំណត OCIC ជ្រោយចង្វា មក​ចត​នៅ​ទីតាំង​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦​។

ដោយឡែក ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ទៅ​កាន់​រាជធានី​ភ្នំពេញចេញដំណើរ​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ទីតាំង​ចំណត​នៅ​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត ទៅ​ទីតាំង​ចំណត​ដី​ឡូត៍ OCIC នៅ​ជ្រោយចង្វា រាជ ធានី​ភ្នំពេញ ៕