ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប បំភ្លឺ​ជុំវិញ​ករណី​អាជ្ញាធរ​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ផល​-​អនុ​ផល​ព្រៃឈើ​ខុសច្បាប់​នៅ​ស្រុក​ជីក្រែង

1 ខែ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦​ថា ៖ នៅ​ថ្ងៃ​ទី​២-៤ ខែមីនា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បាន​ដឹកនាំ ក្រុមការងារ​ចម្រុះ​ដោយ​មានការ​ចូលរួម​ពី​ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​បទល្មើស​ធនធានធម្មជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​ជីក្រែង ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី និង​ស្រុក​វ៉ា​រិ​ន ដើម្បី​ធ្វើការ​អបរំ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ផលិត​ឡធ្យូង និង​បង្កើត រោង​សិប្បកម្ម​គ្រប់​ប្រភេទ​ដែល​ខុស​ពី​គោលការណ៍​ច្បាប់​អនុញ្ញាត ។

រដ្ឋបាល​ខេត្តសៀមរាប បន្ត​ថា នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ អង្គភាព​សារព័ត៌មាន “​សាន្ត ព្រហ្ម​” បាន​ធ្វើការ​ចុះ​ផ្សាយ ព័ត៌មាន​តាម​រយៈ​ហ្វេ​ស​បុក​ផេ​ក​ឈ្មោះ Kong Kan TV ដែល​មាន​ខ្លឹមសារ​ថា “​បុរស​ធ្វើ​ដងកាំបិត​លក់ ត្រូវ​រង​ការ​ចោទប្រកាន់​ថា ជា​អ្នក​បំផ្លាញ ផល និង​អនុ​ផល​ព្រៃឈើ និង​ធនធានធម្មជាតិ​គ្រប់​ប្រភេទ កើតឡើង នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​” ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ ការិយាល័យ​ដែនជម្រកសត្វព្រៃ នៃ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ធ្វើការ​ចុះ​ល្បាត​នៅ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ចំណុច​គោក​ច្រេស ភូមិ​ស្រោង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ជួប​ប្រទះ​ករណី​បង្កើត​មូលដ្ឋាន​កែ​ច្នៃ ផល និង​អនុ​ផល ព្រៃឈើ​ចំនួន​១​កន្លែង ដែល​បង្កើត​ឡើង​ដោយ​ឈ្មោះ សុខ សិ​ដ្ឋ ភេទ ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ ក្រាំង​តា​ឡាក់ ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ឬ​ស្សី ខេត្តកំពង់ស្ពឺ ឃើញ​មាន ម៉ាស៊ីន​ច្រៀក​ឈើ​(​ម៉ាក​សៀង​ហៃ​) ចំនួន​១​គ្រឿង ដង​ស្នួរ​ចំនួន​១ ដងចប​ចំនួន​២០៥​ដើម ដង​ប៉ូវថៅ​ចំនួន​៩៨​ដើម ឈើ​ប្រភេទ​ក្រឡាញ់ ប្រវែង​១​ម៉ែត្រ​ចំនួន​៨​កំណាត់ ជំនឿ​ឈើ​ប្រភេទ​ក្រឡាញ់ ប្រវែង​១​ម៉ែត្រ​ចំនួន​២៣​កំណាត់​។ ជាមួយ​គ្នា​នោះ កម្លាំង​ល្បាត​ក៏​បាន​ប្រមូល​វត្ថុ​តាង​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ស្រោង​ផង​ដែរ ។

សកម្មភាព​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ក្នុង​ប​ញ្ញ​តិ្ដ នៃ​ក្រុម​ប់​ស្ថាន​និង ធនធានធម្មជាតិ​មាត្រា​៨៥០ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ចំពោះ​បុគ្គល ដែល​មានបាន​ប្រព្រឹត្ត​អំពើ​ណាមួយ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ កថាខណ្ឌ “​ក​” បង្កើត​ឡ​គ្រប់​ប្រភេទ ឬ​បង្កើត​មូលដ្ឋាន​កែ​ច្នៃ ផល និង​អនុ​ផល​ព្រៃឈើ រុក្ខជាតិ​ព្រៃ និង​ធនធានធម្មជាតិ គ្រប់​ប្រភេទ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស ។

កន្លង​មក​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កងកម្លាំង​យោធា​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ខេត្ត គណៈ​បញ្ជាការ​ឯកភាព​ក្រុង ស្រុក និង​សហគមន៍​តំបន់ការពារធម្មជាតិ ធ្វើការ​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ជា​ច្រើន​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​។ ក្នុង​ន័យ​ថែរក្សា និង​អភិរក្ស ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ចាំបាច់​ត្រូវ​ពង្រីក​ការ​អប់រំ​ផ្សព្វផ្សាយ ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ជា​ពិសេស​ការ​អនុវត្ត​ច្បាប់​។ ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ស្វាគមន៍​នូវ​រាល់​ការ​ផ្តល់ ព័ត៌មាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​សាធារណៈ​មតិ និង​អ្នក​សារព័ត៌មាន​ទាំងអស់ ដើម្បី​ឱ្យ​បេសកកម្ម​ន ការ​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​សម្រេច​ទៅ​បាន​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ៕