ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ព្រែក​ឆ្លូង រុះរើ​ដាយ​ខុសច្បាប់ ៨​វង់ និង​លែង​ត្រីចម្រុះ ១៥០​គីឡូក្រាម

3 ថ្ងៃ មុន

ខេត្តក្រចេះ ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចំនួន​១៦​នាក់ ប្រើប្រាស់​ទូក​ម៉ាស៊ីន ៣គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដងព្រែក​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦ ដោយ​បាន​រុះរើ និង​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន ព្រមទាំង​ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ ​១៥០​គីឡូក្រាម ​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ ​។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​ចម្រុះ ដែល​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​គណៈកម្ម​ការ​ស្រុក ក្នុង​គោលបំណង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​ការ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​មូលដ្ឋាន ​។

នាយ​ខណ្ឌ​ជលផល​ខេត្តក្រចេះ លោក ម៉ុ​ក ពន្លក​ អោយ​ដឹង​ថា​ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​បាន​រុះរើ​បំផ្លាញ​ចោល រួម​មាន ៖ ដាយ​ចាប់​ត្រី​ចំនួន​៨​វង់ ដែល​មានមុខ​ទំហំ​ចាប់ពី​៧ម៉ែត្រ ដល់​១៥​ម៉ែត្រ បណ្តោយ​ប្រវែង​ពី​៤០​ម៉ែត្រ ដល់៦០​ម៉ែត្រ និង​មាន​ក្រឡា​ទំហំ​ចាប់ពី​២​សង់ទីម៉ែត្រ ដល់​៩​សង់ទីម៉ែត្រ​។ ក្រៅពី​នេះ​ ក៏​មាន​ខ្សែពួរ ប្រវែង២៥០​ម៉ែត្រ ធុង​ជ័រ​៤​គ្រឿង និង​កាន​ជ័រ​៧​គ្រឿង ​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ដកហូត ដាយ​ចាប់​ត្រី​មួយ​វង់ មានមុខ​ទំហំ​៧​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ និង​ក្រឡា​ទំហំ​ចាប់ពី​២​សង់ទីម៉ែត្រ ​ដល់​៧​សង់ទីម៉ែត្រ​ យកទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ដើម្បី​រង់ចាំ​ការ​សម្រេច​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​​ ។

លោកនាយ​ខណ្ឌ​បាន​បន្ត​ថា​ ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ប្រមូល​ត្រី​ចម្រុះ ​ដែល​រក​ឃើញ​ពី​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយចាក់​លែង​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ ប្រមាណ​១៥០​គីឡូក្រាម​ ។

យ៉ាងណា​ក៏​ដោយ ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ដោយ​ពួក​គេ​បាន​រត់គេច​ខ្លួន​មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​ដល់ទី​តាំង​។​ មន្ត្រី​ជំនាញ​ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​សកម្មភាព​នេសាទ​ខុសច្បាប់​នៅ​តាម​តំបន់​ ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​ការពារ​ធនធាន​ជលផល និង​ធានា​និរន្តរភាព ​នៃ​ធនធានធម្មជាតិ​សម្រាប់​ប្រជា​ពលរដ្ឋ និង​ជំនាន់​ក្រោយ​ ៕