IMF ថា កម្ពុជាមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច
- ភ្នំពេញ
មានតែប្រទេសសេដ្ឋកិច្ចក្រីក្រចំនួន៨ ប៉ុណ្ណោះ ដែលបានចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៩៤មក ប៉ុន្តែសម្រាប់កម្ពុជានឹងក្លាយជាប្រទេសមួយនៅក្នុងបញ្ជីនៅក្នុងឆ្នាំ២០២៩ខាងមុខ ។

ពាក់ព័ន្ធនឹងលទ្ធភាពនៃការរំដោះខ្លួនរបស់កម្ពុជា ចេញពីឋានៈជាប្រទេសដែលមានសេដ្ឋកិច្ចក្រីក្រ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អះអាងថា កម្ពុជា គឺជាប្រទេសមួយដែលមានមូលដ្ឋានរឹងមាំនៅក្នុងការចាកចេញ ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីកម្ពុជាដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន អ្នកសេដ្ឋកិច្ចរបស់ IMF គឺលោកស្រី ស៊ីលវីយ៉ា ណូវ៉ាក់ (Sylwia Nowak) និងលោក ស៊ូ លាងលាង (Zhu Liangliang) បានរកឃើញថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសដែលទើបចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ថ្មីៗនេះ មានលក្ខណៈរចនាសម្ព័ន្ធសេដ្ឋកិច្ចដូចកម្ពុជានោះទេ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈនេះនៅចុងឆ្នាំ២០២៩ ។

អ្នកសេដ្ឋកិច្ចយល់ឃើញថា កម្ពុជាឈានទៅរកការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ដោយមាន «ភាពខ្លាំងពិតប្រាកដ» មួយចំនួនដូចជា ការវិនិយោគពីបរទេសប្រកបដោយនិរន្តរភាពជាដើម ។ អ្នកសេដ្ឋកិច្ចបានបន្តថា ការបង្កើនផលប្រយោជន៍ក្នុងស្រុកពីការវិនិយោគ តាមរយៈការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក ការតភ្ជាប់កម្មករទៅកាន់ក្រុមហ៊ុនដែលមានផលិតភាពខ្ពស់ និងការកាត់បន្ថយឧបសគ្គផ្នែកបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរារាំងក្រុមហ៊ុនមិនឱ្យពង្រីកអាជីវកម្មរបស់ខ្លួន គឺជាចំណុចសំខាន់ដែលកម្ពុជាកំពុងតែយកចិត្តទុកដាក់ខ្លាំង ។
អ្នកសេដ្ឋកិច្ចបានសន្និដ្ឋានថា កម្ពុជាស្ថិតក្នុងស្ថានភាពល្អ បើធៀបនឹងប្រទេសដទៃទៀត ក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចលើសូចនាករផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ