ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បញ្ជាក់ពីជំហរចរចាសន្តិភាព ព្រមទាំងរក្សាលក្ខខណ្ឌ៧​ចំណុចចំពោះច្រកសមុទ្រហ័រមូស ខណៈរដ្ឋមន្ត្រីប្រេងកាតសុំលាលែងពីតំណែង

3 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធាន​សភា​អ៉ី​រ៉​ង់ ​លោក​ម៉ូ​ហា​ម៉ា​ដ ​បាក់​ហ័​រ កា​លី​បា​ហ្វ ក្នុង​វេទិកាសាធារណៈ​មួយ​ថ្លែង​ថា សហរដ្ឋអាមេរិក​នា​ពេល​ថ្មី​ៗ​នេះ បាន​ដាក់​សំណើ​តាម​រយៈ​អាជ្ញាកណ្ដាល​មួយ​រូប តែ​លោក​មិន​បាន​ផ្ដល់​ភាព​លម្អិត​ឡើយ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​បដិសេធ​សំណើ​សន្តិភាព​ចុង​ក្រោយ​របស់​អ៉ី​រ៉​ង់​ដោយ​យល់​ថា ​មិន​គ្រប់គ្រាន់​។ លោក​កាលី​បា​ហ្វ ដែល​ចរចា​ដោយ​ផ្ទាល់​ដ៏​កម្រ​ជាមួយ​អា​មេ​រិ​ក​ កាលពីដើម​ឆ្នាំ​នេះ​គូសបញ្ជាក់​ថា អា​មេ​រិ​កបាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ខុស​គ្នា​ក្នុង​សារព័ត៌មាន​ ។ លោក​បន្ត​ថា​ សម័យ​កាលដែល​ចង់​ចំណេញ​ពេលវេលា​ ឬ​ក៏​ដាក់​ការ​ទាមទារ​ជា​ឯកតោភាគី​នានា​វា​ហួស​សម័យ​ហើយ និង​ថា​លក្ខខណ្ឌ​៧​ដែល​អ៉ី​រ៉​ង់​លើក​ឡើង ​ដើម្បី​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​ទាំងស្រុង​នៅ​តែ​ជា​បច្ចុប្បន្នភាព​ ។

រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់ ​លោក​អាប់​បាស់​អា​រ៉ា​សជី​លើក​ឡើង​ប្រាប់​ដល់​បណ្ដា​ឯកអគ្គរដ្ឋទូត​ និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​បេសក​កម្ម​ការទូត​បរទេស​ថា ប្រសិនបើ​អា​មេ​រិ​ក​ស្វែងរក​ផ្លូវ​ការទូត នោះ​អ៉ី​រ៉​ង់​ត្រៀម​ធ្វើ​ឲ្យ​សម្រេច​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​មួយ​និង​ប្រកបដោយ​កិត្តិយស​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ ។

ទោះបី​យ៉ាងណា​ លោក​បាន​ព្រមាន​ថា រាល់​ការ​ប្រឈម​មុខ​ថ្មី​ខាង​យោធា នឹង​នាំ​ឲ្យ​មានការ​តបត​វិញ​ខ្លាំងក្លា​បំផុត​។ លោក​អា​រ៉ា​សជី​ក៏​បដិសេធ​ផង​ដែរ ការ​អះអាង​របស់​អា​មេ​រិ​ក​ដែល​ថា គណៈប្រតិភូ​អ៉ី​រ៉​ង់​ត្រូវ​បាន​បណ្ដេញ​ចេញពី​សហរដ្ឋអាមេរិក ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​មហាសន្និបាត​អ​.​ស​.​ប ​។ លោក​បញ្ជាក់​ថា​ គណៈប្រតិភូ​អ៉ី​រ៉​ង់​បាន​វិល​ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ ស្រប​តាម​កាលបរិច្ឆេទ​កំណត់​ ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ប្រេង​អ៉ី​រ៉​ង់ បាន​សុំ​លាលែង​ចេញពី​តំណែង​ហើយ​ប្រធានាធិបតី​លោក​ម៉ាស​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន​បាន​សម្រេច​តាម​បំណង​នោះ​ ។ ប្រធានាធិបតី​បាន​ចាត់តាំង​លោក​ហា​មី​ត​បូ​វ៉ា​ត​ជា​រដ្ឋមន្ត្រី​ប្រេងកាត​ស្ដីទី​ ។ ចំណែក​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​រង​ការ​វាយប្រហារ​នៅ​ច្រក​ហ័​រ​មូស​បណ្ដាល​ឲ្យ​ខូច​បន្ទប់​ម៉ា​ស៊ី​ន ហើយ​បណ្ដា​នាវិក​នៃ​នាវា​នោះ​ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​ ។

ជា​រួម​ចរាចរណ៍​របស់​នាវា​តាម​ច្រក​សមុទ្រ​ហ័​រ​មូស​ពេល​នេះ ​មានការ​កែ​លម្អ តែ​នៅ​ទាប​ជាង​កម្រិត​កាល​មុន​សង្គ្រាម​។ ការ​បញ្ជូន​បណ្ដា​ផលិតផល​ថាមពល​កាត់​តាម​ច្រក​សមុទ្រ​នោះ​ ក៏​មានការ​កែ​លម្អ​ដែរ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ ។

ប្រមុខ​ការទូត​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​អះអាង​កាលពី​ថ្ងៃ​ទី​៤​ តុលា​ ថា ពុំ​មាន​ដំណោះស្រាយ​យោធា​ឡើយ​ចំពោះ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។ ប្រសិនបើ​សត្រូវ​យើង​ជ្រើសរើស​ជា​ថ្មី​យក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​នោះ ការ​តបត​របស់​យើង​នឹង​ខ្លាំង​ជាង​ពេល​មុន​ទៅ​ទៀត​ ។ យើង​នឹង​ការពារ​ខ្លួន​កាន់តែ​ខ្លាំងក្លា​ ៕