ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាវា.យប្រហារចំៗនៅUN ៖ វត្តមានទាហានថៃក្នុងទឹកដីខ្មែរ ជាការរំលោ.ភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យពលរដ្ឋ ភៀសខ្លួន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គកា​សហប្រជាជាតិ (UN) បាន​ថ្លែង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ថា សកម្មភាព​បច្ចុប្បន្ន​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ក្នុង​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី ។

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ថ្លែង​បទ​អន្តរាគមន៍ ក្រោម​របៀបវារៈ​ទី​១០ កិច្ច​សន្ទនា​អន្តរ​កម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​សម័យប្រជុំ​លើក​ទី​៦៣ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០២៦ លើក​ឡើង​ថា កត់សម្គាល់​នូវ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ស្ថាបនា ក្នុងអំឡុងពេល​បេសកកម្ម​ផ្លូវការ​លើក​ដំបូង​របស់​លោក​នៅ​កម្ពុជា ។

ឯកឧត្ដម ក៏​បាន​បញ្ជាក់​សារ​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​កិច្ច​សន្ទនា ដោយ​បើកចំហ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ការ​វាយតម្លៃ​ប្រកបដោយ​តុល្យភាព រវាង​បញ្ហា​ប្រឈម និង​វឌ្ឍនភាព​សិទ្ធិ​មនុស្ស ។ ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​បាន​ថ្លែងអំណរគុណ​ជា​ពិសេស​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អ្នករាយការណ៍​ពិសេស​លើ​ផល​ប៉ះពាល់​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​បាន​បណ្តាល​មក​ពី​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ ។

ប្រជាពលរដ្ឋ​កម្ពុជា ជាង​២០.០០០​នាក់ នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​បាន​នៅឡើយ ដោយសារ​វត្តមាន​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ។ កម្ពុជា​បាន​គាំទ្រ​ការ​អំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​មានការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ភៀសខ្លួន​កម្ពុជា​អនុលោម​តាម​ច្បាប់​អន្តរជាតិ ហើយ​បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ពេញលេញ និង​ដោយ​ស្មោះត្រង់ ។

ឯកឧត្តម​បន្ត​ថា ចំពោះ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កម្ពុជា​បាន​សង្កត់ធ្ងន់​ថា បទល្មើស​ឆ្លង​ដែន​តម្រូវ​ឱ្យ​មាន​សកម្មភាព​រួម​គ្នា និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។ កម្ពុជា បាន​រំលេច​នូវ​ការ​ពង្រឹង​វិធានការ​អនុវត្ត​ច្បាប់ និង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣-២៤ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​បាន​អនុម័ត សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋជន​ឆ្លង​ដែន និង​កិច្ច​ការពារ​ជន​រង​គ្រោះ ។

ជាមួយ​គ្នា​នោះ​ដែរ កម្ពុជា​ក៏​បាន​បញ្ជាក់​សារ​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​អង្គការ​សង្គម​ស៊ី​វិល ការ​ចូលរួម​ផ្នែក​នយោបាយ ពហុបក្ស និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ព្រមទាំង​ពង្រឹង​កិច្ច​ការពារ និង​ប្រកបដោយ​បរិ​យា​បន្ន​ដល់​ស្ត្រី កុមារ ជន​មាន​ពិការ​ភាព ក្រុម​ជន LGBTQ+ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប កម្ពុជា​បាន​បដិសេធ​នឹង​សេចក្តីថ្លែងការណ៍​របស់​ថៃ​ថា ជា​ព័ត៌មាន​មិន​ពិត និង​ធ្វើ​ឱ្យ​ភ័ន្ត​ច្រឡំ ។ កម្ពុជា បាន​រំលឹក​ឡើង​វិញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ភៀសខ្លួន​បច្ចុប្បន្ន ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់​ចោលផ្ទះ​សម្បែង នៅ​ក្នុង​ទឹកដី​របស់​ពួក​គេ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ កាលពី​ឆ្នាំ​២០២៥ ហើយ​បាន​បញ្ជាក់​អះអាង​ថា សកម្មភាព​បច្ចុប្បន្ន​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​ក្នុង​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​៕