សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
ថ្លែងបើកពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មិនថា ស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើស រើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សម្រាប់ព្រះរាជាណាចក្រកម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ។
ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា»។
ជាមួយគ្នានោះដែរ សម្តេចធិបតីបន្ដថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមក ។
អតីតយុទ្ធជន និងនិវត្តជនគឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ ហើយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះ-ឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ ។
លើសពីនេះ សម្តេចធិបតីបានបន្ថែមថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព ។ ពាក្យស្លោកនេះ ក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ៕

ចែករំលែកព័តមាននេះ