ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សម៉ាកប៊ីវាន់ (B-1) ពីមូលដ្ឋានទ័ពអាកាសនៅចក្រភពអង់គ្លេសហើយ។ ចំណាត់ការនេះធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីមានការចាប់ខ្លួនបុរសមួយចំនួននៅមូលដ្ឋាននោះដោយសង្ស័យពីបទរៀបចំផែនការប្រព្រឹត្តអំពើភេរវកម្ម។ ខាងលើនេះជាការអះអាងរបស់មន្ត្រីបម្រើការនៅមន្ទីរបញ្ចកោណ (ទីស្ដីការក្រសួងការពារជាតិអាមេរិក)។ កាលពីមុននេះ យន្តហោះទម្លាក់គ្រាប់បែក B-1 រាប់សិបគ្រឿងឈប់សំចតនៅមូលដ្ឋាន Fairford របស់កងទ័ពអាកាសភូមិន្ទអង់គ្លេស (RAF) ដែលស្ថិតនៅភាគពាយព្យទីក្រុងឡុង។

យន្តហោះទាំងនេះត្រូវយោធាអាមេរិកប្រើប្រាស់សម្រាប់វាយប្រហារអុីរ៉ង់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណសរសេររៀបរាប់នៅក្នុងសារអេឡិចត្រូនិច (អុីមែល) ថាក្រោមហេតុផលសន្តិសុខជាតិ យើងមិនអាចអះអាងអំពីការផ្លាស់ប្ដូរទីតាំងនៃគ្រឿងបរិក្ខារយោធារបស់យើង និងកម្លាំងយោធារបស់យើងពីទីកន្លែងណាទៅទីកន្លែងណាបានទេនៅក្នុងកាលៈទេសៈជាក់ស្ដែង (real-time) ប៉ុន្តែយើងអាចជម្រាបជូនថាយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកដែលធ្លាប់ឈប់សំចតនៅមូលដ្ឋាន Fairford របស់កងទ័ពអាកាសភូមិន្ទអង់គ្លេសត្រូវបានផ្ទេរត្រឡប់ទៅមូលដ្ឋានដើមនៅឯប្រទេសអាមេរិកវិញអស់ហើយ។

អង់គ្លេសទទួលបានសញ្ញាច្បាស់ការណ៍មកថាអុីរ៉ង់ជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រព្រឹត្តអំពើភេរវកម្មនៅមូលដ្ឋានទ័ពអាកាសរបស់ខ្លួន (អង់គ្លេស)។ នេះបើយោងតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកអេនឌី បឺនហេម (Andy Burnham) កាលពីថ្ងៃពុធសប្ដាហ៍មុន។ អុីរ៉ង់ថ្លែងថាការចោទប្រកាន់ដែលភ្ជាប់ខ្លួនទៅនឹងផែនការសម្ងាត់នោះគឺជាការចោទប្រកាន់ទាំងទទឹងទិស និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។ អុីរ៉ង់ផ្ទុះកំហឹងយ៉ាងខ្លាំងដល់ថ្នាក់កោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ទៅស្ដីឱ្យ និងបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះរឿងនេះទេ។

សូមរំលឹកថាសារព័ត៌មានអាមេរិកាំង ដឹវ៉លស្ទ្រីតជើណល (The Wall Street Journal) ជាអ្នកចេញផ្សាយមុនគេបង្អស់អំពីការផ្លាស់ប្ដូរទីតាំងយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកពីមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសដោយសារបារម្ភអំពីបញ្ហាសន្តិសុខ។ ពោលគឺបារម្ភខ្លាចមានការវាយប្រហារទៅលើមូលដ្ឋាននោះ។ អង់គ្លេសអនុញ្ញាតឱ្យយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកឈប់សំចតនៅមូលដ្ឋាន Fairford របស់ខ្លួនដើម្បីវាយប្រហារទីតាំងមីស៊ីលរបស់អុីរ៉ង់នៅក្នុងករណីដែលអុីរ៉ង់បាញ់មីស៊ីលពីទីតាំងនោះទៅលើកប៉ាល់ដឹកទំនិញ និងដឹកប្រេងនៅច្រកសមុទ្រហ័រម៉ូស។ លោកដូណាល់ត្រាំថ្លែងថាអ្នកដែលជាប់ពាក់ព័ន្ធនឹងផែនការវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសនោះមានបំណងបង្កការខូចខាតធំ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ យល់ថានេះជាផែនការដែលមានការឃុបឃិតពីរដ្ឋបរទេស៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ