ទីក្រុងរ៉ង់ហ្គូន៖ ថ្ងៃនេះ ជនជាតិមីយ៉ាន់ម៉ា ឬភូមាជិត១៥០០នាក់ធ្វើមាតុភូមិនិវត្តទៅស្រុកកំណើតវិញដោយដឹកជញ្ជូនចេញពីប្រទេសម៉ាឡេស៊ី និងមានកប៉ាល់ចម្បាំងធំៗរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារង់ចាំទទួលដល់កំពង់ផែ។ អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សនៅតែខ្វាយខ្វល់អំពីសុវត្ថិភាពរបស់អ្នកទាំងនោះព្រោះមិនដឹងថាវិលត្រឡប់ទៅវិញលើកនេះបានសុខទុក្ខយ៉ាងណាទេ។ មីយ៉ាន់ម៉ាសព្វថ្ងៃនេះមិនទាន់ទទួលបានសុខសន្តិភាពពេញបរិបូរទេដោយសារប្រទេសនេះត្រូវបានហែកហួរដោយសង្គ្រាម ការបែងចែកជាបក្សជាពួក មានជនជាតិភាគតិច មានក្រុមចង់បំបែកទឹកដី។ល។ នៅក្នុងចំណោមអ្នកធ្វើមាតុភូមិនិវត្តលើកនេះ ក៏មាននារី៨៦នាក់ដែលត្រូវតុលាការផ្ដន្ទាទោសពីបទស្នាក់នៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និងពីបទប្រព្រឹត្តល្មើសជាច្រើនករណីនៅពេលរស់នៅម៉ាឡេស៊ីក្នុងនាមជាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា។

ពួកគេត្រូវបានដឹកជញ្ជូនតាមនាវាចម្បាំងមីយ៉ាន់ម៉ា២គ្រឿង និងនាវាមួយគ្រឿងទៀតប្រើប្រាស់ជាមន្ទីរពេទ្យចល័ត។ ពួកគេទៅដល់ទីក្រុងរ៉ង់ហ្គូនភាគខាងត្បូង។ នេះបើយោងតាមការបញ្ជាក់ពីលោកណៃលីនទុន (Nay Lin Tun) ជាប្រធានគណៈតំបន់។ នេះជាផ្នែកមួយនៃផែនការធ្វើមាតុភូមិនិវត្តជនជាតិមីយ៉ាន់ម៉ាប្រមាណ៥ពាន់នាក់ដែលនឹងធ្វើឡើងជាដំណាក់កាលៗ។ ក្រសួងមហាផ្ទៃម៉ាឡេស៊ីឱ្យដឹងថាជនជាតិមីយ៉ាន់ម៉ាស្នាក់នៅខុសច្បាប់នៅម៉ាឡេស៊ីនៅសល់១០៣៨៨នាក់ទៀត។ អង្គការយូអឹនអេចស៊ីអ័រ (UNHCR) និងក្រុមសិទ្ធិមនុស្សរិះគន់ការធ្វើមាតុភូមិនិវត្តនេះ។ ពួកគេអះអាងថាស្ថានភាពសន្តិសុខ និងមនុស្សធម៌នៅទីតាំងខ្លះនៃប្រទេសមីយ៉ាន់ម៉ាពោរពេញដោយភាពផុយស្រួយ។ ហេតុនេះ អ្នកដែលវិលត្រឡប់ទៅវិញអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ហើយអាចត្រូវគេចាប់ធ្វើទាហានថែមទៀត។

អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រីខេលី ឃូរី (Kelley E. Currie) ថ្លែងថាតាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលម៉ាឡេស៊ីមានកាតព្វកិច្ចអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ស្ដីពីការមិនបញ្ជូនត្រឡប់ទៅប្រទេសដើមរបស់គេវិញ និងទប់ស្កាត់មិនឱ្យវិលទៅវិញចំពោះបុគ្គលទាំងឡាយណាដែលបើវិលទៅវិញអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ឬទម្រង់ដទៃទៀតនៃការរំលោភសិទ្ធិមនុស្ស។ លោកស្រីសរសេររៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថាយោងតាមការវាយតម្លៃរបស់លោកស្រីផ្ទាល់ ហានិភ័យនៃអ្នកដែលវិលត្រឡប់ទៅវិញលើកនេះមានកម្រិតខ្ពស់គួរសម។

សម្រាប់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើនៅក្នុងចំណោមអ្នកធ្វើមាតុភូមិនិវត្តទាំងនោះមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែរឬទេព្រោះជនជាតិនេះបើនៅបង់ក្លាដែសវិញមានច្រើនណាស់ជាង៧សែននាក់ឯណោះ។ ពេលខ្លះ ពួកគេលួចឆ្មក់ជិះទូកកាត់សមុទ្រដើម្បីឆ្លងទៅប្រទេសជិតខាងដូចជាម៉ាឡេស៊ី ឬឥណ្ឌូណេស៊ីជាដើម។ ពួកគេមិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាជនជាតិមីយ៉ាន់ម៉ានោះទេ ហើយក៏មិនផ្ដល់សញ្ជាតិភូមាឱ្យពួកគេនោះដែរ។ លោកហានវីនអោង (Han Win Aung) ជាមន្ត្រីម្នាក់បម្រើការនៅក្រសួងការបរទេសមីយ៉ាន់ម៉ាមានប្រសាសន៍ថាការធ្វើមាតុភូមិនិវត្តលើកនេះយើងយកតែអ្នកដែលមានសញ្ជាតិមីយ៉ាន់ម៉ាសុទ្ធតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ម៉ាឡេស៊ីមានជនភៀសខ្លួន និងអ្នកស្នើសុំសិទ្ធិជ្រកកោនសរុប២១៥៦០០នាក់៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ