ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹក​នាំ​អាល្លឺម៉ង់​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​ចំ​ពេល​រុស្ស៊ី​សម្រុក​វា.យ​ប្រ.ហារ​រដ្ឋ​ធានី​យ៉ាង​ខ្លាំង​ក្លា

4 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ គេ​ស្ដាប់​ឮ​តែ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ និង​សំឡេង​ផ្ទុះ​គ្រាប់​បែក​ញ័រ​កក្រើក​រដ្ឋ​​​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ ចំពេល​ដែល​អធិការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រ៊ីត​រីច​ ម៊ែក​ បំពេញ​ទស្សន​កិច្ច​នៅ​ទី​នោះ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​របប​ដឹក​នាំ​របស់​លោក​ហ្សេឡិនស្គី​។ នៅ​ពេល​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ខ្លាំង​ណាស់​។ លោក​ម៊ែក​នឹង​ប្រកាស​នូវ​ការ​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​សម្រាប់​អ៊ុយ​ក្រែន​។ ក្នុង​នោះ​មាន​ការ​ផ្ដល់​ជំនួយ​យោធា​ជា​ទឹក​ប្រាក់​១ពាន់​លាន​អឺរ៉ូ និង​ជំនួយ​គិត​ជា​ទឹក​ប្រាក់​៣៥០​លាន​អឺរ៉ូ​​ទៀត​សម្រាប់​​​ជួស​ជុល​វិស័យ​ថាម​ពល​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​អាល្លឺម៉ង់​។ ប្រទេស​ទាំង​២​ក៏​នឹង​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀង​ផលិត​ដ្រូន​រួម​គ្នា​ផង​ដែរនា​ពេល​ឆាប់​ៗ​នេះ​​។

លោក​ម៊ែក​ថ្លែង​ថា​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​កៀវ​នៅ​ថ្ងៃ​នេះ​ព្រោះ​អ៊ុយ​ក្រែ​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​រុស្ស៊ី​បន្ត​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​ក្រុង​តូច​ធំ​នានា​ អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ និង​រោង​ចក្រ​បង្កើត​កម្ដៅ​។ បើ​យើង​មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​របស់​រុស្ស៊ី​ទេ​ យូរ​ឬ​ឆាប់​ ម៉ាស៊ីន​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នឹង​វាយ​ប្រហារ​មក​លើ​យើង​ជា​មិន​ខាន​ឡើយ​។ លោក​ថ្លែង​ថា​លោក​នឹង​ជម្រាប​ប្រាប់​លោក​ហ្សេឡិនស្គី​នៅ​​ថ្ងៃ​នេះ​ថា​ «​អ្នក​អាច​ជឿ​ជាក់​មក​លើ​យើង​ក្នុង​ការ​ប្ត​ផ្ដល់​ជំនួយ»​​។ ថ្ងៃ​នេះ​ គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​បួន​ដង​នៅ​ទី​ក្រុង​កៀវ​តាំង​ពី​ព្រឹក​ព្រលឹម​។ សំឡេង​ផ្ទុះ​​គ្រាប់​បែក​ និង​សំឡេង​គ្រាប់​មីស៊ីល​នៃ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ក៏​បាន​បញ្ចេញ​សំឡេង​ខ្ទរ​ខ្ទារ​​ទូ​ទាំង​រដ្ឋ​ធានី​ផង​ដែរ​។

មាន​ករណី​មួយ​នោះ រុស្ស៊ី​វាយ​ប្រហារ​ចំ​ស្ពាន Northern Bridge ដែល​ឆ្លង​កាត់​ទន្លេ​ឌីនី​ប្រូ (Dnipro) បណ្ដាល​ឱ្យ​ខូច​ខាត​ផ្លូវ​ឆ្លង​កាត់​លើ​ស្ពាន​​។ នេះ​បើ​​តាម​​​អភិ​បាល​នៃ​គណៈ​អភិបាល​ទី​ក្រុង​កៀវ លោក​វីតាលី​ គ្លីត​ឆ្កូ (Vitali Klitschko) បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​។ លោកសរ​សេរ​រៀប​រាប់​ថា​ការ​វាយ​ប្រហារ​នោះ​ក៏​បណ្ដាល​ឱ្យ​ខូច​ខាត​ប្រព័ន្ធ​​ផ្គត់​ផ្គង់​ទឹក​ស្អាត​​សម្រាប់​តំបន់​នោះ​ផង​ដែរ​។ រុស្ស៊ី​បន្ត​វាយ​ប្រហារ​ស្ពាន​នានា​របស់​អ៊ុយ​ក្រែន​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​ម៉្លេះ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បន្ទច់​បង្អាក់​ខ្សែ​បណ្ដាញ​ត​ភ្ជាប់​ពី​រដ្ឋ​ធានី​កៀវ​ទៅ​ត្រើយ​ទន្លេ​ចំនួន​២​ និង​ត​ភ្ជាប់​ទៅ​ផ្លូវ​ដឹក​ជញ្ជូន​ព័ស្តុភារ​រវាង​អ៊ុយ​ក្រែន​ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​។

អធិការ​បតី​អាល្លឺម៉ង់ លោក​ម៊ែក​ ទៅ​អ៊ុយ​ក្រែន​លើក​នេះ​អម​ដំណើរ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​គណៈ​ប្រតិ​ភូសេដ្ឋ​កិច្ច ​រួម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​មួយ​ចំនួន​ផង​​​។ គេ​រំពឹង​ថា​លោក​នឹង​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​ធ្វើ​កំណែ​ទម្រង់​តប​តាម​សំណើ​របស់​ក្រុម​ប្រទេស​ជា​ដៃ​គូ​។ ក្នុង​នោះ ក៏​មាន​ការ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ផង​ដែរ​។​ បន្ទាប់​ពី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​ម៊ែក​រួច កាល​ពី​ថ្ងៃ​ពុធ​ លោក​ហ្សេឡិន​ស្គី​ថ្លែង​​​ថា​អ៊ុយ​ក្រែន​ជិត​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជា​មួយ​អាល្លឺម៉ង់​ដើម្បី​ផលិត​ដ្រូន មីស៊ីល និង​ប្រព័ន្ធ​សូហ្វ​វែ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង-​បញ្ជា​អាវុធ​ទាំង​នេះ​៕ ប្រភព៖ Reuters​