ទីក្រុងកៀវ ៖ លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាននិយាយថា អ៊ុយក្រែននឹងបង្កើនការវាយប្រហារទ្វេដងលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រថ្មីនៃការវាយប្រហារតាមអាកាសរបស់ទីក្រុងម៉ូស្គូ នៅក្នុងគោលបំណងបង្ខំឱ្យប្រជាជនបោះបង់ចោលទីក្រុងកៀវ និងទីក្រុងដទៃទៀត ប៉ុន្តែនឹងមិនកំណត់គោលលើជនស៊ីវិលនោះទេ។ នេះបើតាមការចេញផ្សាយពី Reuters កាលពីថ្ងៃទី៣ ខែតុលា។
លោក ហ្សេឡេនស្គី បានឱ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនទទួលបានឯកសារដែលបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានដាក់ចេញយុទ្ធសាស្ត្រថ្មី នៃការវាយប្រហារខាងយោធាលើគោលដៅស៊ីវិលក្នុងវិសាលភាពកាន់តែទូលំទូលាយ មុនពេលរដូវរងាឈានចូលមកដល់។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «យើងបានឃើញឯកសារទាំងនោះ ហើយយើងដឹងថា ពួកគេត្រូវបានអនុញ្ញាតឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ហើយជាពិសេសគឺការវាយប្រហារនៅក្នុងទីក្រុង តាមភូមិឋាន នៅគ្រប់ទីកន្លែង ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ដើម្បីដាក់សម្ពាធឱ្យប្រជាជនចាកចេញពីរដ្ឋធានី និងទីក្រុងផ្សេងៗទៀត។ នេះគឺជាគោលដៅនៃប្រតិបត្តិការរបស់ពួកគេ»។
លោកបានបន្ថែមថា អ្វីដែលជំរុញឱ្យមានការផ្លាស់ប្តូរនេះ ព្រោះបំណងរបស់លោក ពូទីន ចង់បង្ហាញថា ខ្លួនគឺជាអ្នកខ្លាំង នៅក្នុងពេលដែលកងទ័ពរបស់លោកកំពុងបាត់បង់ទឹកដីក្នុងតំបន់សមរភូមិជួរមុខដ៏សំខាន់មួយ និងទទួលរងចំនួនអ្នករបួស និងស្លាប់ក្នុងកម្រិតខ្ពស់ជាងមុន។ពាក់ព័ន្ធការអះអាងនេះ វិមានក្រឹមឡាំងមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេ កាលពីថ្ងៃទី៣ ខែតុលា។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានជំរុញឱ្យជនបរទេសចាកចេញពីទីក្រុងកៀវនោះ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ទីក្រុងម៉ូស្គូនឹងបន្តវាយប្រហារលើគោលដៅនានាជាប្រព័ន្ធ ដែលបញ្ជាក់ថា ជាការវាយប្រហារសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕


ចែករំលែកព័តមាននេះ